ព័ត៌មានទាន់ហេតុការណ៍៖

Smart ប្រកាសផ្គត់ផ្គង់ WiFi សម្រាប់គេហដ្ឋានដែលមានល្បឿនលឿន

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុន Smart Axiata បានដាក់ដំណើរការនូវសេវាថ្មីមានឈ្មោះថា “ស្មាតអ៊ែតហូម” (Smart@Home) ដែលជាសេវាអ៊ីនធើណែតតាមផ្ទះដែលមានល្បឿនលឿនបំផុត ដើម្បីបំពេញតម្រូវការបន្ថែមជូនដល់អ្នកប្រើប្រាស់ដែលបានកំពុងតែកើនឡើងជាលំដាប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សេវាកម្មនេះ គឺពិតជាសាមញ្ញ និងងាយស្រួលបំផុតដោយគ្រាន់តែតំឡើងឧបករណ៍រ៉ោតទ័រគ្មានខ្សែមួយប៉ុណ្ណោះ នៅតាមគេហដ្ឋានរបស់ខ្លួនអតិថិជន នឹងអាចរីករាយជាមួយនឹងសេវា WiFi ល្បឿនលឿននឹងគួរឲ្យទុកចិត្តបំផុត។ លើសពីនោះទៀត អតិថិជនអាចភ្ជាប់ការប្រើប្រាស់រហូតដល់១០ឧបករណ៍ក្នុងពេលតែមួយ។

លោក ថូ ម៉ាស់ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “បន្ថែមលើភាពជាអ្នកនាំមុខគេផ្នែកទិន្នន័យចល័តរបស់យើងខ្ញុំ Smart@Home គឺជាសេវាកម្មដ៏ពិសេសមួយទៀត ដែលយើងខ្ញុំចង់ចែករំលែកទៅដល់ប្រជាជនកម្ពុជាទាំងអស់ ពោលគឺអតិថិជននៅតាមគេហដ្ឋាន ឬនៅខាងក្នុងអគារនានាអាចទទួលបាននូវបទពិសោធន៍ និងអត្ថន័យដ៏ពិតប្រាកដនៃសេវា WiFi ដែលមានល្បឿនលឿនងាយស្រួលប្រើប្រាស់ និងមានតម្លៃសមរម្យបំផុត។

សេវា Smart@Home ផ្តល់សេវាអ៊ិនធើណែតប្រកបដោយភាពបត់បែន និងតម្លៃសមរម្យដោយមិនតម្រូវឲ្យមានកិច្ចសន្យាប្រើប្រាស់ដែលមានពេលកំណត់នោះទេ។ គម្រោងនៃការបង់ប្រាក់ប្រចាំខែមាន៣ប្រភេទ គឺចាប់ពីតម្លៃ១២ដុល្លារ ហើយក្នុងនោះមានគម្រោង (Premium) អាចនាំមកសេវាអុីនធើណែតដែលមានល្បឿនលឿនរហូតដល់ទៅ ១០Mbps។

លោក ស្ទីភែន អ៊ូដូវីឈីក ដែលជានាយកប្រត្តិផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “អតិថិជនដែលបានជាវសេវានេះ គឺអាចរីករាយជាមួយនឹងកម្មវិធីកំសាន្តដ៏ពិសេសៗរាប់ពាន់កម្មវិធី ដែលមាននៅលើ iflix និង JaikonTV ដោយសេរី។ សម្រាប់អតិថិជនបង់ប្រាក់ជាមុន (prepaid) របស់ក្រុមហ៊ុន Smart ដែលបានជាវសេវាកម្ម Smart@Home នេះនឹងទទួលបាននូវទិន្នន័យប្រចាំខែចំនួន 1GB ដោយឥតគិតថ្លៃ ព្រមទាំងក្លាយជាសមាជិក SmartVIP ដែលផ្តល់ការបញ្ចុះតម្លៃ និងសិទ្ធិពិសេសជាច្រើនសន្ធឹកសន្ធាប់។

អតិថិជនរបស់ Smart@Home អាចផ្លាស់ប្តូរគំរោងប្រចាំខែ និងបង់សេវាកម្មប្រចាំខែបានដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធី Smart Nas។ មិនថាការស្នើសុំដឹកជញ្ជូនឧបករណ៍រ៉ោតទ័របញ្ចូលទឹកប្រាក់ ឬគ្រប់គ្រងគណនីនោះទេ គ្រប់យ៉ាងសុទ្ធតែអាចធ្វើទៅបានយ៉ាងរលូន តាមរយៈកម្មវិធី Smart Nas ដែលមាននៅក្នុងទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់។ គិតត្រឹមបច្ចុប្បន្ន សេវានេះអាចប្រើប្រាស់បានក្នុងតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ហើយក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងត្រូវពង្រីកទៅកាន់តំបន់ផ្សេងៗទៀតរួមមាន ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ក្រុងប៉ោយប៉ែត និងក្រុងស៊ីសុផុន។

អ្នកដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះបានតាមរយៈកម្មវិធី Smart Nas ទៅកាន់ Smart Shop ណាមួយក៏បាន ឬតាមរយៈទូរ និងតុកតុក Smart@Home ដែលស្ថិតនៅកន្លែងរស់នៅរបស់អ្នក។ ការផ្តល់ជូនដំបូងដែលមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ និងដើម្បីជ្រាបកាន់តែច្បាស់មុនគេតែម្តង ថាតើហេតុអ្វីបានជាសេវា Smart@Home ត្រូវបានរចនាឡើងដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សេវាអ៊ីនធើរណែតតាមគេហដ្ឋាននៅក្នុងប្រទេសកម្ពុជា?៕ វឌ្ឍនា


ចែករំលែក៖