ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេបាសាក់បង្កឲ្យមានការភ្ញាក់ផ្អើលនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាលៈ សាកសពបុរសម្នាក់ក្នុងសភាពរលួយត្រូវបានគេប្រទះឃើញអណ្ដែតទឹកតាមដងទន្លេបាសាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកពកោសល្យវិច្ច័យស្រុកស្អាងបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ យ៉ាន បូរ៉ា ហៅចី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ បច្ចុប្បន្នមកស្នាក់នៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានចាកចេញពីស្រុកកំណើតរបស់ខ្លួន មកស្នាក់នៅក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ដើម្បីធ្វើការសំណង់ ។ លុះរហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានបាត់ខ្លួនពីកន្លែងស្នាក់នៅដោយពុំដឹងថា ទៅទីណានោះទេ រហូតមកដល់ថ្ងៃទី១២ ខែ/ឆ្នាំដដែល ស្រាប់តែមានប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះអណ្ដែតទឹកតាមដងទន្លេរបាសាក់ក្នុងសភាពហើមរលួយ ។ ក្រោយពីសាកសពត្រូវបានគេប្រទះឃើញ ភ្លាមនោះក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រើយស្លា ដើម្បីធ្វើការពិនិត្យ ។

ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលត្រើយស្លាទទួលបានព័ត៌មានខាងលើ ក៏រាយការណ៍បន្ដទៅនគរបាលជំនាញស្រុកចុះធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារលង់ទឹក ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖