ព័ត៌មានទាន់ហេតុការណ៍៖

ជួលអ្នកម៉ូតូឌុបតាមមើលប្រពន្ធឃើញចូលផ្ទះសំណាក់ជាមួយកូនចិញ្ចឹមផ្ទុះរឿង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធាបាន ឱ្យអ្នករត់ម៉ូតូឌុបតាមដានប្រពន្ធរបស់ខ្លួនអស់រយះពេលជាច្រើនដងទើបដឹងថា កូនប្រុសចិញ្ចឹមបាននាំប្រពន្ធគាត់ទៅដេកផ្ទះសំណាក់រួចបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកជួយធ្វើអន្តរាគមន៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃ អង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៨ តាមបណ្ដោយផ្លូវបេតុងគ្មានលេខ នៅចំណុចផ្ទះសំណាក់យីហោព្រៃ ស្ថិត ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីបុរសដែលជាប្តី សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ឱ្យដឹង ថា គាត់ជាពេទ្យយោធាមានប្រពន្ធឈ្មោះ ថុង គឹមសេង អាយុ៤៤ឆ្នាំ ស្នាក់នៅម្តុំ កាំកូស៊ីធី ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួល គោក មានស្រុកកំណើតនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយមានកូនប្រុសតូច អាយុ៦ឆ្នាំកន្លះ និងបានយកក្មេងប្រុសម្នាក់ អាយុ១៦ឆ្នាំមកចិញ្ចឹមធ្វើជាកូនរហូតមក ដល់បច្ចុប្បន្នមានអាយុ២៨ឆ្នាំហើយ ។

បុរសជាប្តីបានឲ្យដឹងទៀតថា គាត់ដឹង មិនច្បាស់ថា កូនចិញ្ចឹមរបស់គាត់លួចលាក់ទាក់ទងសហាយស្មន់ជាមួយប្រពន្ធរបស់គាត់តាំងពីពេលណាមកទេ ប៉ុន្តែកន្លងទៅគាត់បានឆែកមើលកាមេរ៉ាសុវត្ថិភាពផ្ទះ របស់គាត់ឃើញកូនចិញ្ចឹមគាត់រួមរ័កជា មួយប្រពន្ធនៅក្នុងផ្ទះ។ ពេលដែលឃើញ ហើយគាត់មិនទាន់មានប្រតិកម្មអ្វីទាំងអស់ បានតាមដាននិងជួលម៉ូតូឌុបឱ្យតាមមើលប្រពន្ធ និងកូនចិញ្ចឹមរហូតមកស្រាប់តែនៅ យប់កើតហេតុអ្នករត់ម៉ូតូឌុបបានទូរស័ព្ទប្រាប់ថា ឃើញប្រពន្ធនិងកូនចិញ្ចឹមនាំគ្នា ចូលទៅផ្ទះសំណាក់ព្រៃ ស្ថិតនៅសង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

បន្ទាប់ពីដឹងហើយ គាត់បានចុះទៅដល់ ផ្ទះសំណាក់សូមម្ចាស់ផ្ទះសំណាក់ចូលទៅមើលប្រពន្ធរបស់គាត់ ប៉ុន្តែម្ចាស់ផ្ទះសំណាក់ មិនអនុញ្ញាតឲ្យចូលទៅរកទេ ព្រោះបុរសជាប្តីមិនបានដឹងច្បាស់ថា ស្ត្រីជាប្រពន្ធនិងកូនចិញ្ចឹមស្នាក់នៅបន្ទប់មួយណាឲ្យពិតប្រាកដបើចូលទៅឆែកឆេរ និងធ្វើឲ្យផ្អើលដល់ភ្ញៀវដែលចូលទៅសម្រាកនៅក្នុងផ្ទះសំណាក់ ទើបបុរសជាប្តីបានរាយការណ៍ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ឱ្យចុះទៅធ្វើអន្តរាគមន៍ក៏ម្ចាស់ផ្ទះសំណាក់មិនព្រមឱ្យចូលទៅឆែកឆេរតាមបន្ទប់នោះដែរខ្លាចប៉ះពាលដល់ភ្ញៀវដទៃទៀត ។

ប្រភពដដែលបានបន្តទៀតថា កន្លង ទៅកូនចិញ្ចឹមរបស់គាត់មិនដឹងជាមាន កាំភ្លើងខ្លីម៉ាកកា៥៩មកពីណានោះទេបានយកមកគំរាមទារប្រាក់ពីគាត់អស់មួយចំនួនហើយគាត់បានទៅប្តឹងសមត្ថកិច្ច ប៉ុន្តែគ្មាន វិធានការ។ មិនតែប៉ុណ្ណោះប្រពន្ធ និងកូនចិញ្ចឹមបានទិញថ្នាំញៀនយកមកជក់ជា មួយគ្នានៅក្នុងផ្ទះទៀតផង ហើយបាននាំគ្នាចាកចេញពីផ្ទះរយៈពេល៣ខែមកហើយ ដោយនាំយកកូនតូចទៅជាមួយដែរមិន ដឹងថា ទៅស្នាក់នៅកន្លែងណាទេ។ ទើបតែនៅយប់កើតហេតុអ្នករត់ម៉ូតូឌុបបាន ប្រទះឃើញប្រពន្ធ និងកូនចិញ្ចឹមនាំគ្នាចូលផ្ទះសំណាក់ធ្វើឲ្យមានការផ្អើលឆោឡោ តែ ម្ចាស់ផ្ទះសំណាក់មិនអនុញ្ញាតឲ្យចុះទៅ ឆែកឆេរទេ។ ក្រោយពេលកើតហេតុសមត្ថ កិច្ចប្រាប់ថា ចាំព្រឹកឡើងចាំគាត់ទាក់ទងទៅម្ចាស់ផ្ទះសំណាក់ដើម្បីឆែកកាមេរ៉ា សុវតិ្ថភាពឱ្យ ។

លោក នង សាបុង នាយប៉ុស្តិ៍ទួលសង្កែ ទី១បានឲ្យដឹងថា ករណីកូនចិញ្ចឹមមកដេក ផ្ទះសំណាក់ជាមួយម្តាយនេះអត់មានទេ ប៉ុន្តែលោកឮគេរាយការណ៍ករណីនេះមក លោកពេញមួយយប់ទល់ភ្លើង សមត្ថកិច្ច ចូលទៅរកក៏អត់ឃើញ និងមិនទាន់មាន នរណាម្នាក់មកដាក់ពាក្យបណ្តឹងនៅ ឡើយដែរ ៕ អរុណរះ

 


ចែករំលែក៖