ខេត្តស្ទឹងត្រែង៖ គ្រឿងចក្រវៃដីព្រៃខុសច្បាប់ ចំនួន៣គ្រឿង ដែលកំពុងធ្វើសកម្មភាពយ៉ាងគឃ្លើន ត្រូវសមត្ថកិច្ចបង្ក្រាប១គ្រឿង រីឯ២គ្រឿងទៀត មិនត្រូវបានបង្ក្រាបទេ ហើយ១គ្រឿងដែលបង្ក្រាបនោះត្រូវបានមន្ត្រីបរិស្ថានដោះលែងទៅវិញហើយ ។ គេបានដឹងថា មន្ត្រីប៉ុស្តិ៍ឃុំអន្លុងភេ បានបង្ក្រាបគ្រឿងចក្រ១គ្រឿង ក្រោមការបញ្ជាពីលោកអភិបាលស្រុក កាលពីថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិវាលពោធិ៍ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះគេសង្គេតឃើញគ្រឿងចក្រជាច្រើន កំពុងសម្រុកចូលមកកាន់ស្រុកថាឡាបរីវ៉ាត់ ចូលតាមឃុំនីមួយៗ ចំនួនបួន គឺ១.ឃុំសំអាង ២.ឃុំចំការលើ ៣.ឃុំអន្លុងជ្រៃ និង៤.ឃុំអន្លុងភេ ហើយថ្មីៗនេះ អ្នកសារព័ត៌មាន បានប្រទះឃើញគ្រឿងចក្រចំនួន៣គ្រឿង ដែលកំពុងរុករាន់ទន្ទ្រានវៃដីព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យយកមកធ្វើជាកម្មសិទ្ធិស្របច្បាប់ ដូចតាមសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋនៅចំណុចទីតាំងខាងលើ ពិតប្រាកដមែន។
ហើយអ្នកសារព័ត៌មាន ក៏បានរាយការណ៍បន្ត ទៅមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ស្រាប់តែឆ្លើយដាក់គ្នាហាក់បីដូចជាធ្វើមិនដឹងរឿងទៅវិញ ក្រោយមកទើបលោកសន សារឿន អភិបាលស្រុក និងជាគណៈបញ្ជាការឯកភាពស្រុកចេញបញ្ជាឲ្យមន្ត្រីប៉ុស្តិ៍ចុះបង្ក្រាប ជាក់ស្តែងបង្ក្រាបបានតែមួយគ្រឿងពណ៌ខៀវទេ ហើយលោក ក៏បានប្រគល់ទៅឲ្យមន្ត្រីជំនាញបរិស្ថាន ។ លោកថា មន្ត្រីបរិស្ថានគឺជាមន្ត្រីនគបាលយុត្តិធម៌ តែក្រោយមក មិនបានមួយចំអិនកំពិសផង ក៏ដោះលែងទៅវិញ ។
ជុំវិញរឿងនេះ លោកយ៉េន រ៉ុន អនុប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា លោកបានឲ្យមន្ត្រីរបស់លោក ទៅទទួលគ្រឿងចក្រនោះហើយ តែព៌ត៌មានបន្ថែមទៀតយ៉ាងណានោះ លោកថា លោកអត់ដឹងនោះទេ ព្រោះគ្មានសេវា ០៩៧ទេ តែគ្រាន់តែដឹងថា បង្ក្រាបបានមួយគ្រឿងទេ ពីរគ្រឿងទៀត អត់ដឹងទេ ព្រោះមន្ត្រីរបស់លោកផ្តល់ព៌ត៌មានតែមួយគ្រឿង ពណ៌ខៀវហ្នឹងទេ។
គួររំលឹកថា គ្រឿចក្រចំនួនបីកំពុងធ្វើសកម្មភាពនៅទីតាំងចំណុចខាងលើ បង្ក្រាបបានតែ១គ្រឿង ចំណែក២គ្រឿងទៀត មិនបានបង្ក្រាបទេ ហើយរឿងគួរឲ្យហួសចិត្ត បង្ក្រាបបានហើយ តែមួយចំអិនកំពិសហើយ ក៏លួចដោះលែងទៅវិញស្ងាត់ៗ ដោយមិនបានរាយការណ៍ជូនគណៈបញ្ជាការឯកភាពខេត្តឲ្យបានដឹងទេ។
ករណីនេះប្រហែលជាមន្ត្រីជំនាញខ្លាចថៅកែគ្រឿងចក្រខ្នងធំ ឬក៏ឃើញលុយជាធំលក់ឧត្តមគតិ និងកិត្តិយស ភ្លេចតួនាទីខ្លួនអស់ទៅហើយ ។ សូមលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាកុំមើលរំលងអី ចំពោះមន្ត្រីក្រោមឱវាទបែបនេះ ហើយបើលោកមើលរំលងនោះមែន ដីព្រៃរបស់រដ្ឋ ដែលឋិតក្នុងដែនគ្រប់គ្រងរបស់ក្រសួងបរិស្ថាន គ្មានន៎រណាការពារទប់ស្គាត់នោះ ពិតជាក្លាយជាវាលរហោឋាន ជាក់ជាមិនខានឡើយ បើសូម្បីតែលោកអភិបាលស្រុក ពេលខ្លះលោកឆ្លើយថា អត់ដឹង សូម្បីតែឈ្មួញធ្វើសកម្មភាពគ្រប់រូបភាព លើដែនដីគ្រប់គ្រង ដែលលោកដើរតួយ៉ាងសំខាន់ ហើយជាគណៈបញ្ជាការឯកភាពស្រុកទាំងមូល ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកទុកចិត្តលើលោក និងគោរពស្រឡាញ់លោកជាម៉ែជាឪរបស់ពួកគាត់ ឬមួយពលរដ្ឋកាប់ដោយកាំបិត ពូថៅ ធ្វើលក្ខណៈគ្រួសារ ចាប់ចងដាក់គុកដាក់ច្រវាក់ ចំណែកគ្រឿងចក្រវាយព្រៃជាទ្រុង់ទ្រាយធំ បែរជារួចខ្លួនទៅវិញ ធ្វើទង្វើបែបនេះ វាផ្ទុយទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយ ៕ មាស សុផាត