ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ាកគែល បន្តដឹកនាំអាល្លឺម៉ង់អណត្តិទី៤

ចែករំលែក៖

ក្រោយទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ នៅក្នុងសភា ជួយឲ្យលោកស្រី បន្តកាន់តំណែងដឹកនាំអាល្លឺម៉ង់ក្នុងអណត្តិទី៤។ នេះជាប្រវត្តិសាស្ត្រថ្មីរបស់អាល្លឺម៉ង់ដែលមានមេដឹកនាំកាន់អំណាចរហូតដល់៤អណត្តិ។

នៅក្នុងក្នុងការបោះឆ្នោតសភាជាផ្លូវការ លោកស្រី Angela Merkel ទីទទួលបានសំឡេងគាំទ្រគ្រប់គ្រាន ជួយឲ្យលោកស្រីបន្តធ្វើជាអធិការបតីអាល្លឺម៉ង់ជាថ្មីម្តងទៀត ដោយនេះគឺជាអណត្តិទី៤ហើយរបស់លោកស្រី ក្នុងការដឹកនាំមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុត ប្រចាំនៅទ្វីបអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។

អ្នកនាំពាក្យការិយាល័យអធិការបតីអាល្លឺម៉ង់បានបញ្ជាក់ថា មេដឹកនាំនយោបាយជាស្រ្តីដែលពោរពេញដោយបទពិសោធន៍វ័យ៦៣ឆ្នាំរូបនេះ ទទួលបានសំឡេងគាំទ្រចំនួន៣៦៤អាសនៈ ក្នុងចំណោមអាសនៈសរុបទាំង៧០៩ នៅឯវិមាន Bundestag។ បន្ទាប់ពីបានធ្វើការសច្ចារប្រណិធាននៅក្នុងសភាសហព័ន្ធខាងលើ លោកស្រី Merkel បានចូលជួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រេងក៍ វ៉លតឺ ស្ទេនមៃយឺ (Frank-Walter Steinmeier) នៅឯវិមានប្រធានាធិបតី បេឡេវួ (Bellevue) ក្នុងទីក្រុងប៊ែរឡាំង ជាទីដែលលោកស្រី ព្រមទាំងរដ្ឋមន្រ្តី១៥រូប របស់លោកស្រីបានស្បថចូលកាន់តំណែង។

គួរជម្រាបថា ការបោះឆ្នោតខាងលើ ត្រូវបានធ្វើឡើងនៅ១៧១ថ្ងៃ ក្រោយពីការបោះឆ្នោតសហព័ន្ធ ដែលវាគឺជារយៈពេលដ៏អូសបន្លាយយូរជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសនេះ៕ ម៉ែវ សាធី


ចែករំលែក៖