ព័ត៌មានទាន់ហេតុការណ៍៖

នៅផ្សារបឹងត្របែក សមត្ថកិច្ចកាំកុងត្រូលរកឃើញនំបាញ់ឌុកមានសារធាតុគីមីបូរ៉ាក់

ចែករំលែក៖

ភ្នំពេញ: អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥រោចខែផល្គុន ឆ្នាំរកានព្វស័ក ព ស ២៥៦១ត្រូវថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី គណ:កម្មការផ្សារបានចុះត្រួតពិនិត្យទំនិញនៅផ្សារបឹងត្របែក ក្នុងខណ្ឌចំការមន ដើម្បីត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយ លើទីផ្សារ។

នៅពេលចុះត្រួតពិនិត្យសមត្ថកិច្ចជំនាញបានធ្វើតេស្តបឋមទៅលើទំនិញដែលមានហានិភ័យខ្ពស់ ដូចជា សរសៃមីលឿង គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារនិងនំបាញ់ឌុក ដើម្បីរកសារធាតុគីមីហាមឃាត់ហើយបានរកឃើញមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) នៅក្នុងនំបាញ់ឌុក ទម្ងន់១,៤គីឡូក្រាម ។

នេះបើយោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រ ១៥រោចខែផល្គុន ឆ្នាំរកានព្វស័ក ព ស ២៥៦១ត្រូវថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ ។

មន្រី្តកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផលនៅពេលចុះត្រួតពិនិត្យបានរកឃើញមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) នៅក្នុងនំបាញ់ឌុក ទម្ងន់១,៤គ.ក្រ ត្រូវបានដកហូតកម្ទេចចោលនៅនឹងកន្លែង និងធ្វើសន្យាចំពោះអ្នកលក់ឲ្យបញ្ចប់ការទទួលលក់ទំនិញនេះ រហូតដល់ធ្វើការកែប្រែគុណភាព ហើយព្រមទាំងបានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករនិងអ្នកប្រើប្រាស់ឲ្យកយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងបានយកគំរូ បន្លែ ផ្លែឈើមួយចំនួនបញ្ទូនទៅមន្ទីរពិសោធិ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់ជាបន្តផងដែរ ។

មន្រី្តកាំកុងត្រូលបានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវគិតគូរពីសុខភាពអតិថិជនដែលទិញទំនិញរបស់ខ្លួនយកទៅប្រើប្រាស់ ដោយមិនត្រូវលក់ទំនិញមានលាយសារធាតុគីមី ទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ជូនអតិថិជននោះទេ ៕ ប្រាថ្នា


ចែករំលែក៖