ព័ត៌មានទាន់ហេតុការណ៍៖

ទីប្រឹក្សាសេដ្ឋកិច្ចត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីចិន

ចែករំលែក៖

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កំពុងតែខិតខំពង្រឹងអំណាច និងលើកអ្នកដែលមានភាពស្មោះត្រង់នឹងលោកឲ្យកាន់តំណែងសំខាន់ៗនៅក្នុងជួររដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសឲ្យកាន់តែមានប្រសិទ្ធភាព កម្ចាត់ពុករលួយ ពង្រឹងឥទ្ធិពលរដ្ឋាភិបាល កសាងទំនុកចិត្តពីពលរដ្ឋ។

សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨ បានផ្សាយថា នៅពេលនេះ ប្រធានាធិបតី ស៊ី ជីនពីន បានសម្រេចតែងតាំងទីប្រឹក្សាសេដ្ឋកិច្ចដ៏សំខាន់ម្នាក់របស់លោក គឺលោក លុយ ហេ (Liu He) ជាឧបនាយរដ្ឋមន្ត្រី។

ក្រៅតែពីលោក Liu He លោក យី ហ្គាង (Yi Gang) ជាទេសាភិបាលរង នៃធនាគារកណ្ដាលចិន ត្រូវបានតែងតាំងជាប្រធានធនាគារ ប្រជាជនចិនតែម្តង ខណៈលោក លុយ គុន (Liu Kun) ត្រូវបានសភាប្រជាជនចិន ផ្ដល់ទំនុកចិត្តឲ្យកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។ ការតែងតាំងនេះ ត្រូវបានធ្វើឡើងនៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះ នាឱកាសសម័យប្រជុំរបស់សភាប្រជាជនចិន។

គួររំលឹកថា នាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង ក៏បានទទួលការគាំទ្រ និងស្បថចូលកាន់តំណែងបន្តទៀត នាអាណត្តិទី ២ផងដែរ តាមរយៈការបោះឆ្នោតពីសមាជិកសភាប្រជាជនចិនទាំងជិត ៣,០០០រូប នៅក្នុងសម័យប្រជុំនាថ្ងៃអាទិត្យនេះតែម្តង ដែលវាបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ី ជីនពីង បានទទួលការគាំទ្រ ឲ្យបន្តតំណែងប្រធានាធិបតីនាអាណត្តិទី ២ផងដែរ។

បន្ថែមពីខាងលើនេះ លោក Zhou Qiangត្រូវបានគាំទ្រឲ្យធ្វើជាប្រធានតុលាការកំពូលចិន, លោក Zhang Jun ត្រូវបានសម្រេចតែងតាំងជា អគ្គរដ្ឋអាជ្ញា នៃតុលាការកំពូលប្រជាជនចិន, លោក Yang Xiaoduជាប់ជាប្រធាន នៃគណៈកម្មការត្រួតពិនិត្យថ្នាក់ជាតិ និងលោក Xu Qiliangរួមជាមួយ Zhang Youxiaបានឡើងធ្វើជាអនុប្រធាន នៃគណៈកម្មការមជ្ឈិមយោធា នៃសាធាណរដ្ឋប្រជាមានិតចិន៕ ម៉ែវ សាធី


ចែករំលែក៖