ព័ត៌មានទាន់ហេតុការណ៍៖

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយគប់កញ្ចក់រថយន្តអ្នករួមដំណើរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ជាបន្តបន្ទាប់ ក្រោយជនសង្ស័យជាក្មេងជំនើងទាំងពីបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរបណ្ដាលឲ្យបែក។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីយប់ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៤-១៥៥ ម្ដុំមុខសាលាបឋមសិក្សាអន្លង់ត្នោត ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរត្រូវបានកម្លាំងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់នោះទី១ ឈ្មោះ ឃីម គឹមហេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ និងទី២ ឈ្មោះ នូ សុីម៉េង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា។

លោក អធិការបន្តថា ការដែលឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ ធ្វើឡើងក្រោយទទួលបណ្ដឹងពីម្ចាស់រថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3B 4815 ឈ្មោះ ហេង ហ្គិចហុង ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតំណាក់ហ្លួង សង្កាត់រតនៈ ក្រុង.ក្រុង.ខេត្តបាត់ដំបងថា ជនសង្ស័យបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តរបស់គាត់បណ្ដាលឲ្យបែក នៅពេលដែលគាត់កំពុងធ្វើដំណើរនៅលើដងផ្លូវ។

លោក បន្តទៀតថា ជនសង្ស័យទាំង ២នាក់បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំបែបបទ និងបានបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្តហើយ៕ ប៉ឹម ពិន

 


ចែករំលែក៖