ខេត្តកំពង់ឆ្នាំង៖ បុរសជាជាងសំណង់ម្នាក់បានរងរបួសធ្ងន់ និងរលាកពេញខ្លួន បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ពេលដែលកំពុងឡើងធ្វើដំបូលផ្ទះ បណ្តាលឲ្យធ្លាក់ពីលើដំបូលផ្ទះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ស្រ៊ុន វាសនាអាយុ២៧ឆ្នាំ រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាជាងធ្វើផ្ទះ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិង កូនជាងម្នាក់ទៀតបានឡើង ធ្វើដំបូលផ្ទះ ដែលនៅកៀកនឹងខ្សែភ្លើង មានកម្រិតតង់ស្យុងខ្ពស់ (ខ្សែកាប) ក្នុងពេលដែលកំពុងផ្សាដំបូលនោះ កូនជាងបាននៅខាងក្រោមបានបោះខ្សែភ្លើង ដែលត្រូវធ្វើឲ្យទៅជនរងគ្រោះឲ្យចាប់ ក៏ប៉ះទៅខ្សែកាប ដែលមានតង់ស្យុងខ្ពស់ បណ្តាលឲ្យ ឆក់ជនរងគ្រោះធ្លាក់មកដីរលាកមួយចំហៀងខ្លួន រងរបួសធ្ងន់តែម្តង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកមសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕ ចន្ថា