ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកកកុញ និងរាយការណ៍មកកម្លាំងកងរាជអាវុធហត្ថខេត្តមកអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ និងគ្រប់គ្រងស្ថានការណ៍ទាន់ពេលវេលាមិនឆេះរាលដាលដល់អ្នកអ្នកជិតខាង បន្ទាប់ពីឆ្លងចរន្តអគ្គិសនីឆេះប្រអប់កាប៊ីនកុងទ័រភ្លើងបណ្ដាលឲ្យមានបែកផ្កាភ្លើងហុយផ្សែងទ្រលោម ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះហាងលក់អីវ៉ាន់ចាបហួយ ក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមមេបញ្ជការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ស្រី វត្ថា បានថ្លែងប្រាប់កាសែតនគរវត្តឲ្យដឹងថា បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋភ្លាម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានបញ្ជាឲ្យរូបលោកដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថចំនួន២គ្រឿង មកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗដល់ផ្ទះ ដែលឆ្លងចរន្តអគ្គិសនីនៅកាប៊ីនកុងទ័រភ្លើង និងគ្រប់គ្រងស្ថានការណ៍មិនឲ្យមានការឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអ្វីនោះទេ គ្រាន់តែខូចខាតរបស់របរបន្តិចបន្តួចតែប៉ុណ្ណោះ ។
បើតាមអាជ្ញារធរ ក្រុងស្វាយរៀងបានឲ្យដឹងថា ចំពោះម្ចាស់ផ្ទះរងគ្រោះ លក់ចាបហួយមានឈ្មោះ ស្រីយិន ភេទស្រី អាយុជាង៤០ឆ្នាំ និងផ្ទះដែលជាប់គ្នា ដែលខូចខាតក្ដារជញ្ជាំងបន្តិចបន្តួចមានយីហោផ្ទះពេទ្យធ្មេញស្វាយរៀង។
លោក ស្រី វត្ថា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ត្រូវបិទបារ៉ែតភ្លើង និងអុជទៀនធូប ត្រូវចាំឲ្យរលត់សិន ទើបចាកចេញពីផ្ទះ និងពេលមានបញ្ហាសង្ស័យត្រូវរាយការណ៍ ភ្លាមមកសមត្ថកិច្ចដើម្បីងាយស្រួលក្នុងការទប់ស្កាត់អន្តរាគមន៍ដូចពេលនេះជាដើម ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆេះកាប៊ីនកុងទ័រភ្លើងនេះ គឺមានការអន្តរាគមន៍ពីសំណាក់កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលបានមកអន្តរាគមន៍យ៉ាងសស្រាក់សស្រាំបាញ់ពន្តត់ និងគ្រប់គ្រងស្ថានការណ៍ទាន់ពេលវេលា ខណៈមានរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថចំនួន២គ្រឿង និងរបស់ស្នងការដ្ឋាននគរបាលខេត្តមួយគ្រឿងសរុបចំនួន៣គ្រឿងផងដែរ ៕ យឹម សុថាន