ខេត្តសៀមរាប៖ ភ្ញៀវទេសចរចម្រុះ ជាតិសាសន៍បាននាំគ្នាទស្សនានិងថតរូប ពេលព្រះអាទិត្យរះនៅចំកណ្ដាលកំពូលប្រាង្គប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនាកន្លងមកនេះ ។ ប៉ុន្តែព្រះអាទិត្យរះឡើងមិនទាន់ ចំកណ្ដាលប្រាង្គប្រាសាទពេញលេញនៅឡើយទេសម្រាប់ព្រឹកថ្ងៃទី២០ ខែមីនា ។
តាមមន្ត្រីជំនាញ បានបញ្ជាក់ថា ព្រះ អាទិត្យអាចរះចំកណ្ដាលកំពូលប្រាង្គ ប្រាសាទពេញលេញនៅថ្ងៃទី២១ និងថ្ងៃទី ២២ ខែមីនា បន្តទៀត ហើយគេរំពឹងថា ភ្ញៀវទេសចរច្រើនពាន់នាក់នឹងមកទស្សនានិងផ្ដិតយករូបភាពបាតុភូតដ៏អស្ចារ្យនេះ ។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍បាន អំពាវនាវឲ្យភ្ញៀវទេសចរនាំគ្នាចូលរួម ទស្សនាបាតុភូតព្រះអាទិត្យរះចំកណ្តាល កំពូលប្រាសាទអង្គរវត្តឲ្យបានច្រើន ក្នុង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី ២២ ខែមីនានេះ ចាប់ពីម៉ោង៥ ដល់ម៉ោង ៧ព្រឹក។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក្រសួងទេសចរណ៍តែងតែរៀបចំឲ្យមានការប្រឡងថតរូបសែលហ្វុី ដោយជ្រើសរើសពីលេខ១ដល់លេខ ៣ ដើម្បីទទួលបានលិខិតសរសើរចេញ ដោយក្រសួងទេសចរណ៍ និងរង្វាន់លើក ទឹកចិត្តលេខ១ចំនួន១លានរៀល លេខ២ ចំនួន៨០ម៉ឺនរៀល និងលេខ៣ ចំនួន៥០ ម៉ឺនរៀល ៕ ហេង សូរិយា