ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្មជួបពិភាក្សាការងារជាមួយលោកស្រី LADAWAN WONGSRIWONG ជាអ្នកប្រឹក្សាយោបល់ថៃទាក់ទងនឹងសេដ្ឋកិច្ចសង្គមក្នុងស្រុកនិងអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅ ទីស្តីការក្រសួងលោក វេង សាខុន រដ្ឋ មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យលោកស្រី LADAWAN WONGSRIWONG ជាអ្នកប្រឹក្សា យោបល់ថៃ ទាក់ទងនឹងសេដ្ឋកិច្ច សង្គម ក្នុងស្រុកនិងអន្តរជាតិ និងសហការីចូល ជួបសម្តែងការគួរសមនិងពិភាក្សាការងារទាក់ទងដំណើរការនៃការនាំចេញ វត្ថុធាតុ ដើមដំឡូងមី និងបញ្ហាពាក់ព័ន្ធមួយចំនួននៃការនាំចេញផលិតផលនេះកន្លងមក ។

មានមតិស្វាគមន៍ លោករដ្ឋមន្រ្តីតាម រយៈលោកស្រី សូមថ្លែងអំណរគុណជូន ចំពោះរាជរដ្ឋាភិបាលនិងប្រជាជនថៃដែលកន្លងមកតែងតែគាំទ្រផលិតផលកសិកម្ម របស់កម្ពុជា ជាពិសេសផលិតផលដំឡូង មី ។

នាឱកាសនោះលោករដ្ឋមន្រ្តីបានជម្រាប ជូនភ្ញៀវថា កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីចំនួនប្រមាណជាង៦០០ពាន់ហិកតា និង ទទួលបានទិន្នផលជាង១៤លានតោន ក្នុងឆ្នាំ២០១៧។ ចំពោះការធ្វើពាណិជ្ជកម្មនាឆ្នាំកន្លងមកបានជួបបញ្ហាប្រឈមជា ចម្បងនោះគឺការបន្ទាបតម្លៃពីឈ្មួញធ្វើឲ្យ ផលិតផលដំឡូងមីមានការកកស្ទះគ្មានទីផ្សារកសិករប្រឈមនឹងការខាតបងយ៉ាង ច្រើន។ ជាងនេះទៅទៀតដោយសារកម្ពុជានៅមិនទាន់មានហេដ្ឋារចនាសម័្ពន្ធ ឬលទ្ធភាពគ្រប់គ្រាន់ក្នុងការកែច្នៃ ធ្វើឲ្យទីផ្សារ និងតម្លៃនៃវត្ថុធាតុដើមនេះត្រូវរំពឹងទៅលើតែប្រទេសជិតខាង ។

ដើម្បីដោះស្រាយបញ្ហានេះថ្មីៗនេះរាជ រដ្ឋាភិបាលបានឯកភាពលើការវិនិយោគសាងសង់រោងចក្រកែច្នៃ ដំឡូងមីរបស់ ក្រុមហ៊ុនមួយមកពីហុងកុង ដែលមាន គម្រោងសាងសង់រោងចក្រកែច្នៃឲ្យបាន៥ ទៅ ១០រោងចក្រ ហើយសង្ឈឹមថានឹងអាចស្រូបយកវត្ថុធាតុដើមនេះបានមួយភាគធំពីបណ្តាខេត្តដែលមានសក្តានុពលដាំដុះ ដំឡូងមីនេះ ដើម្បីធ្វើការកែច្នៃរួចនាំចេញ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការកំណែទម្រង់ ដើម្បីអភិវឌ្ឍវិស័យកសិកម្មសម្រាប់រយៈពេលវែងគឺត្រូវកំណត់តំបន់ដាំដុះ ប្តូរពូជដំណាំ និងធ្វើ ផែនការដាំដុះឲ្យបានសមស្របតាមតម្រូវការទីផ្សារ។

ជាការឆ្លើយតបអ្វីដែលលោករដ្ឋមន្រ្តីបានលើកឡើង លោកស្រីបានគាំទ្រនូវ ទស្សនៈនិងគោលនយោបាយរបស់ក្រសួងដែលផ្តោតលើការដាំដុះ និងនាំចេញជា ប្រព័ន្ធដើម្បីធានាបានទាំងបរិមាណ និង​គុណភាព។ ព្រមជាមួយគ្នានេះដែរ លោកស្រីសូមសាទរចំពោះព័ត៌មានដែលថាមានក្រុមហ៊ុនហុងកុងមកបណ្តាក់ទុនវិនិយោគសាងសង់រោងចក្រកែច្នៃដំឡូងមី នេះគឺជាដំណោះស្រាយទីផ្សារមួយយ៉ាងល្អសម្រាប់ផលិតផលដំឡូងមី និងអាចរក្សាបាននូវ តម្លៃមួយសមស្របតាមរយៈការធ្វើកសិកម្ម​តាមកិច្ចសន្យា ។

លោកស្រីនឹងពាំនាំដំណឹងនេះទៅ ជម្រាបប្រាប់ភាគីថៃ ពិសេសឈ្មួញដែល កំពុងទិញវត្ថុធាតុដើមដំឡូងមីពីកម្ពុជាឲ្យត្រៀមលក្ខណៈប្រកួតប្រជែង ឈរលើ​គោល​ការណ៍ទីផ្សារសេរី ។ ដើម្បីបន្តនិរន្តរ​ភាពនៃការផលិត និងការនាំចេញ លោក ស្រី បានស្នើឲ្យភាគីកម្ពុជាជួយធ្វើការ ផលិតក្នុងទិសដៅពីរយ៉ាង ទី១ គឺដើម្បីផ្គង់​ផ្គង់ឲ្យរោងកែច្នៃក្នុងស្រុកបំណងរក្សាបានភាពជឿជាក់នៃអ្នកវិនិយោគនិងទី២ផលិតដើម្បីនាំចេញជាវត្ថុធាតុដើមទៅប្រទេស ភូមិផងរបងជាមួយដើម្បីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អសម្រាប់ជា ប្រយោជន៍នៃប្រទេសទាំងពីរ ។

លោករដ្ឋមន្រ្តីបានផ្តល់យោបល់ជូន ភាគីថៃ គឺគួរបង្កើតក្រុមការងារដែលមានសមាជិករដ្ឋាភិបាល និងវិស័យឯកជនទាំង​​ពីរប្រទេសរួមគ្នាពិគ្រោះ ដោះស្រាយ​រាល់​បញ្ហាដែលកើតមានឡើងក្នុងបំណ​ង​​ជួយជំរុញការនាំចេញវត្ថុធាតុដើមនេះទៅកាន់​ទីផ្សារថៃឲ្យអស់លទ្ធភាព ។ ក្រៅពីនេះ ឈ្មួញ​ប្រមូលទិញដំឡូងមីគួរតែធ្វើកិច្ច សន្យាដាំដុះដើម្បីឲ្យកសិករកម្ពុជាមានភាពជឿជាក់កក់ក្តៅក្នុងការដាំដុះ៕ ហេង សូរិយា

 


ចែករំលែក៖