ព័ត៌មានទាន់ហេតុការណ៍៖

ឡើងត្រងទឹកត្នោតធ្វើស្ករ បាក់បង្អោងធ្លាក់ដល់ដីស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានឡើងយកទឹកត្នោតធ្វើស្ករ ហើយបានបាក់ចុងបង្អោង ធ្លាក់ពីលើចុងត្នោតដល់ដី បណ្តាលឱ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃ អង្គារ ៤ កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលស្រុកកណ្តៀងបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទើ លាស់ ជនជាតិខ្មែរឥស្លាម មុខរបរ ឡើងត្នោត រស់នៅភូមិឃុំខាងលើ បានរែកបំពង់ទឹកត្នោត ចេញពីផ្ទះសំដៅទៅដើមត្នោត ដែលគាត់ធ្លាប់ឡើងត្រងទឹក ដើម្បីយកមករំងាស់យកស្ករ ជារៀងរាល់ថ្ងៃ។ លុះពេលជនរងគ្រោះកំពុងឡើងដល់កត្នោត ចាប់ចុងបង្អោង ក៏បាក់ធ្លាក់មកដីស្លាប់ភ្លាមៗតែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថា ការស្លាប់របស់ជនរងគ្រោះ នៃការធ្លាក់ពីលើចុងត្នោតនេះ បណ្តាលមកពីគាត់ គ្មានការប្រុងប្រយ័ត្ន មើលបង្អោងដែលគាត់ធ្លាប់ឡើងរាល់ថ្ងៃ ហើយបង្អោងឫស្សី ដែលធ្លាប់ឡើងមានសភាពចាស់ពុកផង ទើបបណ្តាលឱ្យបាក់ធ្លាក់ ស្លាប់ជនរងគ្រោះបែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្លាក់ពីចុងត្នោតបណ្តាលឲ្យស្លាប់ ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖