ព័ត៌មានទាន់ហេតុការណ៍៖

មេគយច្រកស្រែអំបិលលោក គង់ សំរេច នៅតែបន្តប្រព្រឹត្តអំពើពុករលួយដោយមិនញញើត

ចែករំលែក៖

ខេត្តកោះកុង ៖ ច្រើនឆ្នាំមកហើយ ដែលក្រុមឈ្មួញ សប្បាយរកស៊ី ដឹកជញ្ជូន ទំនិញគេចពន្ធ និងទំនិញខុសច្បាប់មក ពីប្រទេសថៃ ចូលតាមច្រក ផែស្រែអំបិល ដែលជាទីតាំងអំណោយផល សម្រាប់ពួក គេ គៃបន្លំចំណូលពន្ធ ព្រោះលោកគង់ សំរេច ជាមេគយប្រចាំច្រកនេះ ក៏មាន ឈ្មោះ ក្នុងបញ្ជីប្រព្រឹត្ត អំពើពុករលួយ កម្រិតខ្ពស់ ដូចដែលមន្ត្រីតូចតាចមួយ ចំនួនបានលួចបង្ហើបឲ្យដឹងថា លោក គង់ សំរេច គៃបន្លំចំណូលពន្ធធ្វើឲ្យបាត់បង់ ចំណូលថវិកាជាតិ គួរឲ្យញាក់សាច់ និង សាហាវជាង លោក កុយ ឆាយ ទៅទៀត។

មន្ត្រីតូចតាចបានឲ្យដឹងថា ចាប់តាំងពី លោក គង់ សំរេច ឡើងកាន់តំណែង ជា ប្រធានការិយាល័យ គយនិងរដ្ឋាករប្រចាំ ច្រកស្រែអំបិល គាត់មានឱកាស ប្រព្រឹត្ត អំពើពុករលួយ ឃុបឃិតឲ្យក្រុមឈ្មួញធំៗ នាំចូលទំនិញ ពីប្រទេសថៃ គ្រប់ប្រភេទ រាប់ទាំងគ្រឿងបន្លាស់រថយន្ត សម្បកកង់ រថយន្ត គ្រឿងឧបភោគ បរិភោគ និងទំនិញ ខុសច្បាប់ជាច្រើនមុខទៀត យ៉ាងអនាធិប តេយ្យបំផុត។ ជាធម្មតាលោក គង់ សំរេច មិនដែលខ្វល់ខ្វាយពីការបង្ក្រាប ទំនិញខុស ច្បាប់ ឬទំនិញគេចពន្ធ ដែលធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ នោះទេ គឺគាត់គិតតែ ផលប្រយោជន៍ ហូរចូលហោប៉ៅផ្ទាល់ខ្លួន សម្រាប់អភិវឌ្ឍន៍មុខតំណែង។

ប្រភពបានឲ្យដឹងថា លោក គង់ សំរេច បានអនុវត្តខុសពីតួនាទីរបស់ខ្លួន តាមរយៈ ការ លួចដោះលែង រថយន្តដឹកទំនិញធុនធំ ដែលមិនបង់ពន្ធជូនរដ្ឋ ជាថ្នូរនឹងលុយក្រោម តុ យ៉ាងច្រើន។ ក្នុងនោះ សាឡង់ដឹកទំនិញ ជាច្រើនប្រភេទ រួមមាន ទំនិញស៊ីម៉ងត៍ គ្រឿងអេឡិចត្រូនិក ស្រាបៀរ គ្រឿង ម៉ាស៊ីនជជុះ គ្រឿងទេស ដែលដឹកចេញ ពីប្រទេសថៃ ត្រូវបានគេនាំចូល និងផ្ទេរ ដាក់​រថយន្ត នៅចំណុចកំពង់ផែស្រែអំបិល ថ្មី ដោយគ្មានការត្រួតពិនិត្យ និងបង់ពន្ធ ឲ្យបានត្រឹមត្រូវឡើយ។

សូមរំលឹកថា កាលពីជាង១ខែមុនក្រុម អធិការកិច្ចបានចុះអង្កេតតំបន់ប្រមូលពន្ធ នៅស្រុកស្រែអំបិលរកឃើញថា មានរថ​យន្ដដឹកទំនិញចេញតាមផែនេះជាង៥០​​គ្រឿង តែមានចុះបញ្ជី និងបង់ពន្ធចូលរដ្ឋ មានត្រឹមតែ២៥គ្រឿងប៉ុណ្ណោះ។ រថយន្ត ដឹកទំនិញជាច្រើនគ្រឿងទៀត ត្រូវបានមន្ត្រី គយបិទភ្នែកឲ្យដឹកទំនិញចេញ ដោយ គ្រាន​់តែរាប់ក្បាលឡានយកលុយ តាម​របៀបពុករលួយ ឬប្រើយុទ្ធសាស្ត្រ បន្លំ​តួលេខទំនិញ ដោយចំនួនទំនិញច្រើន តែតួលេខចំណូលបានតិចតួច ដែលធ្វើឲ្យ​ការប្រមូលពន្ធមិនមានតុល្យភាពតាមទំនិញជាក់ស្តែង និងបាត់បង់ ចំណូលថវិកាជាតិ។

នៅចំណុចច្រកស្រែអំបិលធ្លាប់មាន ភាពចម្រូងចម្រាស រវាងជំនាញគយនឹង សមត្ថកិច្ចដទៃទៀត ដែលប្រចាំការ នៅ ទីនោះ ដូចជាករណីខ្លះ ទូកដឹកទំនិញ ចំណុះ៣០-៤០តោន ចូលមកដល់ ផែស្រែ អំបិល គឺជំនាញគយធ្វើការត្រួតពិនិត្យ និងវាយតម្លៃពន្ធតាមតែអំពើចិត្ត ដូចជា ពេលកន្លងមក ក្នុងទូកដឹកទំនិញ ចំណុះ ៣០-៤០តោនគេដឹងថា ជំនាញគយបាន បង្គាប់ឲ្យក្រុមឈ្មួញ បង់ពន្ធមិនដល់ ពាក់កណ្តាលផងទេ ហើយសល់ប៉ុន្មាន ត្រូវផ្តល់សេវាជូនមន្ត្រីគយ ដែលជួយ សម្របសម្រួល កាត់បន្ថយការបង់ពន្ធ ដែលករណីនេះ ទាមទារឲ្យអង្គភាព ប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេត ពីការឃុបឃិត បំបាត់ចំណូលពន្ធនៅច្រក ស្រែអំបិលឡើងវិញផង ៕ ហេង នរិន្ទ្រ


ចែករំលែក៖