ខេត្តកណ្តាល: បុរសម្នាក់បានបាត់បងជីវិតភ្លាមៗ ក្រោយពីតចរន្តអគ្គិសនីឆក់ត្រីចិញ្ចឹមក្រោមរានទេវតាមុខផ្ទះបណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។
នគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន ឌិច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងធ្វើរានទេវតា មានទីលំនៅភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកខ្សែភ្លើងតពីលើផ្ទះ មកឆក់ត្រីចិញ្ចឹមក្នុងអាងនៅមុខផ្ទះរបស់ខ្លួន តែភ្លាត់ស្នៀតបែរជាឆ្លងចរន្តឆក់ខ្លួនឯងធ្លាក់ក្នុងទឹកអាង ប្រកាច់ស្រែកឲ្យគេជួយ។មួយសន្ទុះអ្នកជិតខាងឮជនរងគ្រោះស្រែកយំក៏មកមើលស្រាប់តែឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងរបស់ខ្លួនហើយក៏ទៅជួយស្រងយកមកកប់ដី ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ហើយ។
ក្រោយទទួលព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុបានរាយការណ៍ទៅជំនាញចុះទៅធ្វើកោសល្យវិច័យ ទៅលើសាកសពឃើញថាមានស្នាមខ្លោចបាតដៃខាងស្តាំទើបសនិ្នដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែនហើយ បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី