ព័ត៌មានទាន់ហេតុការណ៍៖

នាយចឺម ចាយ១៤ម៉ឺនដុល្លារសង់ផ្ទះឲ្យម្តាយក្រោយតម្លៃខ្លួនហក់ឡើង

ចែករំលែក៖

ភ្នំពេញ៖ តម្លៃខ្លួនចេញច្រៀងរបស់នាងចឺម បានហក់ឡើងខ្លាំងស្ទើរតែស្មើតារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មធំៗ។ ក្រោយរកចំណូលបានក្រាស់ក្រែល តារារូបនេះបានចំណាយលុយជាង១៤ម៉ឺនដុល្លារអាមេរិកដើម្បីសង់លំនៅឋានប្រណីតជូនអ្នកមានគុណ ។

ក្រោយធ្វើឲ្យផ្ទុះការគាំទ្រលើវិស័យសិល្បៈចម្រៀងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នាយចឺម បានផ្អាកការងារកំប្លែងនៅទូរទស្សន៍ ដោយងាកមកកើបលុយលើឆាកតន្ត្រីវិញ ។

តារាចម្រៀងរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថា អាចរកចំណូលពីការច្រៀងស្មើនឹងតារាចម្រៀងលំដាប់ B ដែលមានតម្លៃខ្លួនចម្លោះពី១៣០០ដុល្លារអាមេរិកទៅ២ពាន់ដុល្លារអាមេរិក ក្នុងការឡើងច្រៀងមួយលើកៗ ។

ក្រៅពីការច្រៀងតារារូបនេះធ្លាប់ចាប់បានឱកាសថតភាពយន្តជាច្រើនបន្តបន្ទាប់ និងការបញ្ចេញក្រុមវង់តន្ត្រីសម័យផ្ទាល់ខ្លួនតាមទីជនបទ ស្រុកស្រែចម្ការផងដែរ ដែល មិនពិបាកនឹងធ្វើឲ្យតារារូបនេះគៀងគរប្រាក់ចំណូលជួយគ្រួសារនោះឡើយ ។ ថ្មីៗនេះ នាយចឺមបានធ្វើពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដីដើម្បីសង់វីឡា១ ជូនអ្នកមានគុណរបស់ខ្លួនមានតម្លៃប្រមាណ១៤ម៉ឺនដុល្លារ ។ ការសាងសង់ផ្ទះជូនម្ដាយ ស្ថិតនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេរូបនេះនិយាយថា ការសម្រេចចិត្តសាងសង់ផ្ទះជូនអ្នកមានគុណរបស់ខ្លួន គឺដើម្បីតបស្នងសងគុណអ្នកមានគុណទាំងពីរបានផ្ដល់កំណើត រួមនឹងការបីបាច់ថែរក្សារហូតដល់នាយមានមុខមាត់ដូចបច្ចុប្បន្ន។

នាយចឺមបានបញ្ជាក់ថា ទាន់យើងមានលុយ និងអាចរកលុយបានច្រើន ដូច្នេះយើងត្រូវតបស្នងទៅគាត់ កុំចាំដល់គាត់ស្លាប់ ចាំធ្វើមិនមែនជារឿងល្អទេ។

នាយចឺមទទួលស្គាល់ថា ថវិកាសាងសង់ផ្ទះជូនម្ដាយ គឺបានមកពីទីផ្សារចម្រៀងរបស់ខ្លួនកំពុងឡើងខ្លាំងពិតមែន។ ម្យ៉ាងថវិកាទាំងនេះ ក៏បានមកពីការសន្សំរបស់នាយកាលនៅក្រុមកំប្លែង CTN ផងដែរ។

នាយចឺមបន្ថែមថា នេះក៏ជាក្ដីស្រមៃនាយបានគិតទុកជាយូរយារណាស់មកហើយផងដែរ។ ដូច្នេះនាយពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំងដែលខ្លួនអាចបំពេញក្ដីស្រមៃជូនអ្នកមានគុណនោះ ៕ វឌ្ឍនា


ចែករំលែក៖