ខេត្តកណ្តាលៈ ទីតាំងសិប្បកម្មផលិតទឹកកកមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរ
សន្ធៅតែត្រូវបានប្រជាពលរដ្ឋនិងម្ចាស់សិប្បកម្មសហការគ្នាជួយអន្តរាគមន៍ជញ្ជូនទឹកមកជះនិងបាញ់ពន្លត់ធ្វើយ៉ាងណាដើម្បីបញ្ជៀសកុំអោយអគ្គីភ័យឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលនៅក្បែកន្លែងកើតហេតុ ។ ការខិតខំប្រឹងប្រែងរបស់អ្នកភូមិប្រកបដោយសន្តានចិត្តដ៍ប្រពៃនេះបានធ្វើអោយអគ្គីភ័យដែលឆេះទីតាំងសិប្បកម្មផលិតទឹកកកត្រូវរលត់ទៅវិញមុនពេលរថយន្តពន្លត់អគ្គីភ័យទៅដល់កន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០,៤៥នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅក្នុងទីតាំសិប្បកម្មផលិតទឹកកកមួយកន្លែង ក្នុងភូមិព្រែកដូង សុំកំពង់ស្វាយ ស្រុកកៀនស្វាយ តែមិនបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ដោយសារតែមានប្រជាពលរដ្ឋរួមគ្នាជួយអន្តរាគមន៍ប្រកបដោយកម្លាំងកាយនិងកម្លាំងចិត្តទើបអាចទប់ស្កាត់ព្រះអគ្គីបាន ។
ម្ចាស់សិប្បកម្មផលិតទឹកកកមានឈ្មោះហេង ឆេងអៀង ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា តាមការរៀបរាប់របស់ម្ចាស់សិប្បកម្មករណីនេះសង្ស័យកើតចេញពីផ្កាភ្លើងខ្ទាតពីបំបង្ហុយទៅប៉ះចំជាមួយគំនរអុសសម្រាប់ក្នុងក្នុងឡដើម្បីផលិតទឹកកកបណ្តាលអោយឆេះងំនៅក្នុងរោងសិប្បកម្ម ក្រោយមកបានក្លាយទៅជាអគ្គីភ័យឆេះសន្ធោសន្ធៅតែម្តង ។
បន្ទាប់ពីឃើញអណ្តាតភ្លើងឆេះឡើងក្រហមរងៀលរួចមកអ្នកភូមិបានស្រែកប្រាប់ម្ចាស់សិប្បកម្មហើយនាំគ្នាជួយអន្តរាគមន៍ទើបគ្រប់គ្រងបាន ដោយឡែករថយន្តពន្លត់អគ្គីភ័យបើកចេញពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងបើកចេញពីអធិការដ្ឋាននគរបាលស្រុកកៀនស្វាយទៅអន្តរាគមន៍ដែរ តែពេលទៅដល់អគ្គីភ័យរលត់បាត់ទៅហើយ ៕ សណ្តោស