ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែស្រវឹងពេកបើករថយន្តឡង់គ្រីស័រ៥៧០ប៉ះរទេះពោះគោចំហុយតិចតួចសោះ ព្យាយាមបើករត់ទាល់តែធ្លាក់ប្រឡាយទឹក

ចែករំលែក៖

ភ្នំពេញ៖ វប្បធម៌គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ហើយអ្នកបើកបរភាគច្រើនតែងតែព្យាយាមបើករត់គេចមិនទទួលខុសត្រូវនោះ វាជាទម្លាប់របស់អ្នកបើករថយន្តគ្រប់ប្រភេទ និងគ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន អ្នកក្រ រថយន្តស៊េរីទំនើប ស៊េរីទាប ស៊េរីអន់ ឬរថយន្តធន់ទេសចរណ៍ រថយន្តធុនធំនោះទេ។ ការព្យាយាមបើករត់គេចមិនទទួលខុសត្រូវពីកន្លែងកើតហេតុនោះទៀតសោត ក៏ត្រូវបានមតិមហាជនលើកឡើងខុសៗគ្នាថា៖ បើមិនរត់ត្រូវគេវាយដំ បើរត់រួចចាំទទួលដោះស្រាយជាក្រោយ ហើយបើបុកមនុស្សត្រូវបុកឲ្យស្លាប់ចេញសំណងតិចតួច បើគ្រាន់តែរងរបួសនិងចេញសំណងច្រើនជាដើម។

យ៉ាងណាមិញបុរសម្នាក់មានរូបរាងសង្ហា ស្ថិតក្នុងសម្លៀកបំពាក់ស្អាតបាតនិងមានអាការៈស្រវឹងខ្លាំងបើកបររថយន្តស៊េរីទំនើប១គ្រឿងម៉ាកឡង់គ្រីស័រ៥៧០ចេញពីកន្លែងកម្មពិធីជប់លៀង ហើយបាត់បង់ម្ចាស់ការក្នុងការបើកបររេចង្កូតទៅប៉ះនឹងធុងរទេះពោះគោចំហុយ និងធុងទឹកកកតិចតួចសោះក៏ខំព្យាយាមបើករត់គេចមិនចុះទទួលខុសត្រូវបង្កការភ្ញាក់ផ្អើលពេញផ្លូវដល់អ្នកធ្វើដំណើរ ព្រមទាំងសមត្ថកិច្ចផងដែរនោះ ហើយបានធ្វើឲ្យកម្លាំងសមត្ថកិច្ចប្រដេញតាមទាល់តែរថយន្តបង្កហេតុបើកបរធ្លាក់ប្រឡាយទឹកដោយខ្លួនឯង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកបរនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃសៅរ៍​ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខក្រុមហ៊ុនជីបម៉ុង ផ្លូវម៉ុងរិទី្ធ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្រោយកើតហេតុរថយន្តបង្កហេតុនោះ បានព្យាយាមបើករត់គេចពីការតាមប្រម៉ាញ់របស់សមកិច្ចខណ្ឌសែនសុខរហូតមកធ្លាក់ប្រឡាយទឹកក្រាំងក្រង២ ស្ថិតក្នុងភូមិក្រាំងក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បុរសនិងស្ត្រីរងគ្រោះម្ចាស់រទេះពោះគោចំហុយបានដេញតាមផងដែរនោះ ក៏បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុពួកគាត់បាននឹងកំពុងរៀបចំរទេះពោះគោ និងធុងទឹកកកដាក់ចូលតូប។ ស្រាប់តែឃើញរថយន្តនេះបើកចេញមកពីផ្លូវផ្សារទំនើបអ៊ីអនយ៉ាងលឿន ក៏ជ្រុលមកប៉ះនិងរទេះពោះគោ ធុងទឹកកករបស់គាត់ហើយបើករត់រេពេញផ្លូវ ក៏ជ្រុលបុកនឹងរនាំងថ្មពុះចែកទ្រូងផ្លូវទៀត។ ភ្លាមៗនោះសមត្ថកិច្ចនៅគោលដៅក៏បានដេញតាមរថយន្តនេះរហូតមកធ្លាក់ប្រឡាយទឹកតែម្តង។ បើមិនធ្លាក់ប្រឡាយទេនោះ ម្លេះរថយន្តនេះនឹងបន្តបើករត់ទៅមុខទៀត។

ជាមួយគ្នានេះផងដែរ សមត្ថកិច្ចក៏បានចុះទីតាំងរថយន្តធ្លាក់ប្រឡាយទឹកហើយក៏បាននាំខ្លួនជនបង្កហេតុជាម្ចាស់រថយន្តមកកាន់ស្នាក់ការប៉ុសិ៍្តរដ្ឋបាលក្រាំងធ្នង់ ចៀសវាងការបង្កហឹង្សាពីសំណាក់ពលរដ្ឋ។ សមត្ថកិច្ចក៏បានបញ្ជាក់ឲ្យដឹងដែរថា រថយន្តម៉ាកឡង់គ្រីស័រ៥៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-9595។ សមត្ថកិច្ចឲ្យដឹងទៀតថា បុរសនោះពុំត្រូវបានស្គាល់ឈ្មោះទេ តែគ្រាន់តែដឹងថាមានទីលំនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន។ ករណីនេះក៏ព្រោះតែអ្នកបើកបររថយន្តមានអាការៈស្រវឹងខ្លាំងពេក ហើយលែងដឹងអ្វីៗទាំងអស់ពេលមកដល់ប៉ុសិ៍្ត ហើយករណីនេះមិនបណ្តាលឲ្យមានរងរបួសដល់អាយុជីវិតមនុស្សទេ គ្រាន់ខូចខាតសម្ភារៈពលរដ្ឋជាអាជីវករលក់ដូរប៉ុណ្ណោះ៕ តាឡឹម


ចែករំលែក៖