ព័ត៌មានទាន់ហេតុការណ៍៖

បាក់រន្ទាផ្ទុកឥដ្ឋ សង្កត់កូនជាងស្លាប់ ឯមេជាងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល: កូនជាងសំណង់ម្នាក់ស្លាប់ និងមេជាងម្នាក់ទៀតរបួសធ្ងន់ ខណ:ដែលកំពុងធ្វើផ្ទះមានឥដ្ឋនៅលើរន្ទា ស្រាប់តែបាក់រន្ទាធ្លាក់ចុះមកក្រោម បណ្ដាលឲ្យដុំឥដ្ឋទាំងនោះធ្លាក់សង្កត់លើត្រូវមុខនិងក្បាលកូនជាងស្លាប់និងមេជាងរបួសភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍កើតឡើង នៅវេលាម៉ោង៧ព្រឹកថ្ងៃ ចន្ទ ១០ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ នៅចំណុចភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះទាង២នាក់ ទី១ឈ្មោះ សាក់ ពូន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល(ស្លាប់) និងទី២ឈ្មោះ ហេង ឡា ភេទប្រុស អាយុ៥៤ឆ្នាំមុខរបរ ជាងសំណង់(របួសស្រាល)។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសាក់ ពូន បានមកធ្វើជាងផ្ទះឲ្យម្ចាស់ផ្ទះឈ្មោះហាយ ងុយ ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ពេលមកដល់កន្លែងធ្វើផ្ទះឈ្មោះសាក់ ពូន និង ឈ្មោះ ហេង ឡា (មេជាង) ក៏ឡើងលើរន្ទារៀបឥដ្ឋកម្ពស់៣ម៉ែត្រ ថែមទាំងលើកដុំឥដ្ឋដាក់លើរន្ទាជាច្រើនដុំទៀតធ្វើឲ្យកាន់តែមានទម្ងន់ធ្ងន់។ លុះពេលកំពុងរៀបឥដ្ឋ ស្រាប់តែបាក់រន្ទា ធ្លាក់ចុះមកក្រោមទាំងឥដ្ឋទាំងមនុស្ស បណ្ដាលដុំឥដ្ឋទាំងនោះធ្លាក់សង្កត់លើឈ្មោះសាក់ ពូន ដែលជាអ្នកហុចឥដ្ឋពីក្រោម ត្រូវមុខនិងក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែកឈ្មោះហេង ឡា ត្រូវរបួសត្រឹមចង្កេះចុះក្រោម ហើយអ្នកជិតខាង បានយកទៅព្យាបាលនៅមន្ទីពេទ្យឯកជន។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល និងជំនាញពិនិត្យហេតុស្រុកស្អាង សហការ ជាមួយលោកមេឃុំ មេភូមិ ចុះពិនិត្យសព ឃើញមានស្លាកស្នាមផុងលើផ្ទៃមុខ និងស្នាមជាំលើដើមទ្រូងដោយសារដុំឥដ្ឋសង្កត់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ។

ក្រោយពីពិនិត្យ និងតាមសម្តីម្ចាស់ផ្ទះ ព្រមទាំងអ្នកជិតខាង បានបំភ្លឺថា ជនរងគ្រោះ ពិតជាធ្លាក់លើរន្ទាស្លាប់ប្រាកដមែនទើបបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖