ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​ស៊ីទែនប្រេង​ក្រុមហ៊ុន​សា​វី​ម៉ិច​ក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ស្រែហូរប្រេងមកក្រៅ សំណាងមិនផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរ ភ័យលួសព្រលឹងចុងសក់ ខណៈដែលមានរថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ សា​វី​ម៉ិច បើកគេចរថយន្តនិងម៉ូតូបណ្ដាលឲ្យក្រឡាប់ជាច្រើនត្រឡប់ហូរប្រេងចេញមកក្រៅកាលពីវេលាម៉ោង៦និង៤០នាទីថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវ ជាតិលេខ១ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញមានរថយន្តដឹកស៊ីទែនប្រេងរបស់ក្រុមហ៊ុនសាវីមិុច មួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3B 3015 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដោយធ្វើដំណើរពីលិចទៅកើត លើកំណាត់ផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត និងម៉ូតូនៅពីខាងមុខ ស្ថានការណ៍មិនស្រួល ក៏បួងចង្កូតមកខាងស្តាំដៃធ្លាក់ចូលស្រែបណ្ដាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ និងហូរប្រេងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដឹកប្រេងគឺដឹកមកចាក់ឲ្យរោងចក្រមួយមានឈ្មោះ សាន ហ្វេង នៅក្រុងបាវិតតែមិនទាន់ដល់គោដៅផងត្រឹមពាក់កណ្ដាលផ្លូវស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង។

ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍មក សមត្ថកិច្ចនគរបាល ក៏ដូចជាកងរាជអាវុធហត្ថក្រុងបាវិតបានចុះមកជួយសម្រួលចរាចរណ៍ និងហាមឃាត់ មិនឲ្យពលរដ្ឋចោមរោមមើលនោះទេ ដោយខ្លាចមានហេតុការណ៍ផ្ទុះជាយថាហេតុ ព្រោះមានហូរប្រេងចេញពីស៊ីទែនរថយន្ត ប៉ុន្តែករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សអ្វីនោះទេ ៕ យឹម សុថាន


ចែករំលែក៖