ព័ត៌មានទាន់ហេតុការណ៍៖

ប្រើឲ្យយកលុយទៅកក់ថ្លៃដីគេ បែរជាយកលុយទៅស៊ីចាយអស់ប្តឹងសកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន១ ឃាត់ខ្លួនបន្ទាប់ពីជនរងគ្រោះដែលជាម្ចាស់លុយ និងធ្លាប់ជាមេរបស់ជនសង្ស័យ បានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពរំលោភលើទំនុកចិត្ត ដោយជនរងគ្រោះបានប្រើឲ្យយកលុយចំនួន២ពាន់ដុល្លារអាមេរិក យកទៅកក់ថ្លៃដីគេដើម្បីទិញ បែរជាបុរសសង្ស័យមិនយកទៅឲ្យគេយកទៅផឹកស៊ីចាយអស់ទៅវិញ ។

ករណីឃាត់ខ្លួនបុរសខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នារកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលជនសង្ស័យស្ថិតនៅផ្ទះជួល ក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន១ បានឲ្យដឹងថា ករណីឃាត់ខ្លួនបុរសសង្ស័យខាងលើនេះ យោងតាមប្តឹងជនរងគ្រោះបានឃើញជនសង្ស័យហើយឲ្យសមត្ថកិច្ចចុះទៅឃាត់ខ្លួនភ្លាមៗ រួចបញ្ជូនទៅឲ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវវិញដើម្បីសាកសួរបន្ត ព្រោះករណីនេះកើតឡើងនៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ជនរងគ្រោះ និងជនសង្ស័យ មិនទាន់ត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យធ្លាប់ធ្វើជាអតីតកូនចៅរបស់ជនរងគ្រោះ ។ លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះបានឲ្យជនសង្ស័យជាកូនចៅ យកលុយចំនួន ២ពាន់ដុល្លារ ទៅឲ្យគេកក់ថ្លៃដីដែលជនរងគ្រោះបានទិញ រហូតដល់ថ្ងៃដែលជនរងគ្រោះ ចុះទៅទិញយកដី ស្រាប់តែម្ចាស់ដីគេមិនលក់ឲ្យព្រោះគាត់មិនបានឲ្យលុយកក់ទៅទេ ទើបបែកការណ៍តែម្តង ដឹងថាកូនចៅរបស់គាត់ ស៊ីដាច់លុយរបស់គាត់។ ក្រោយពីបែកការណ៍ដឹងរឿងរ៉ាវហើយនោះ ជនរងគ្រោះបានទុកពេលឲ្យជនសង្ស័យក្នុងរយៈពេល១០ថ្ងៃ ត្រូវយកលុយមកសងគាត់ឲ្យបានគ្រប់ចំនួនវិញ ប៉ុន្តែជនសង្ស័យគិតតែគេចវៀសរហូត ទើបនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នេះ ដោយសារតែជនសង្ស័យស្នាក់នៅក្នុងសង្កាត់បឹងទំពុន១ ទើបជនរងគ្រោះប្តឹងនគរបាលប៉ុស្តិ៍បឹងទំពុន១ឲ្យចុះឃាត់ខ្លួនយកមកសាកសួរ តែក្រោយសាកសួរទើបដឹងថា ករណីនេះកើតឡើងនៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារដើមថ្កូវ ទើបសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន១ នាំខ្លួនជនសង្ស័យខាងលើនេះទៅឲ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវវិញ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត ៕ ស តារា


ចែករំលែក៖