ភ្នំពេញ៖ រថយន្តមិនចាំម៉ាកមួយគ្រឿងបើកបរក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករថយន្តតាកូម៉ា និងរុឺម៉ក់ម៉ូតូនៅលើចិញ្ចើមផ្លូវ រួចផ្លោងទៅទម្លុះទ្វារអគារលក់គ្រឿងសង្ហារឹម ខូចខាតដំណំ ហើយឡានបង្កបានបើកគេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខអាគារលក់គ្រឿងសង្ហារឹម លក់camera ជាប់ផ្លូវលេខ៥១៦ កែងនិងផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមសម្ដីលោកពូម្នាក់ ជាសន្តិសុខប្រចាំការនៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា នៅពេលកើតហេតុ គាត់បានអង្គុយមុខអាគារទីតាំងកើតហេតុខាងលើនោះ ហើយក៏ឃើញរថយន្តមួយគ្រឿងមិនចាំម៉ាក និងស្លាកលេខ តែពណ៌ខ្មៅ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១៥ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងមិច ក៏ជ្រុលឡើងលើចញ្ចើមផ្លូវទៅបុករថយន្តតាកូម៉ា ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2D-3597 និងរុឺម៉ក់ម៉ូតូមួយគ្រឿងទៀតបានមកឈប់ចតមុខអាគារខាងលើ បណ្ដាលឲ្យរុញរុឺម៉ក់ម៉ូតូពីក្រោយទាំងមានបុរសម្នាក់ជាម្ចាស់រុឺម៉ក់ម៉ូតូ ទៅបុលជាមួយទ្វារួត និងធ្វើឲ្យបែកបាក់សំភារះក្នុងហាងមួយចំនួនធំ រងការខូចខាតយ៉ាងដំណំ តែសំណាងវិញដែរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួស ។
ក្រោយកើតហេតុភ្លាមៗ ភាគីខាងរថយន្តបង្ក បានបើករថយន្តត្រឡប់ក្រោយយ៉ាងលឿន រួចហើយបើកគេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដង ។ បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចបានឲ្យម្ចាស់រថយន្តរងគ្រោះ និងរុឺម៉ក់ម៉ូតូ ព្រមទាំងម្ចាស់អាគារលក់គ្រឿងសង្ហារឹមខាងលើ ទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលចរាចរណ៍ក្រុង ឲ្យជួយពិនិត្យ និងតាមចាប់ជនបង្កហេតុ ឲ្យមកទទួលខុសត្រូវ និងដោះស្រាយចំពោះមុខច្បាប់ ៕ ភារ៉ា ដង្កោ