ខេត្តព្រះសីហនុ ៖ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ ដែលទើបបង្កើតថ្មី កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យការដ្ឋានសំណង់មួយ កន្លែងស្ថិតក្នុងភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានសង់ និងបោះបង្គោលចំកណ្តាលអូរ វាតទីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។
លោក ជ្រា ថារ៉ាវុធ អនុប្រធានមន្ទីរ សាធារណការខេត្តព្រះសីហនុ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារចុះត្រូត ពិនិត្យបានបញ្ជាក់ថា សំណង់ខាងលើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ ហើយទំហំទទឹងដីអូរខាងលើ បើតាមការចុះវាស់វែងជាក់ស្តែងគឺមានទំហំ១៥ម៉ែត្រ៣តឹក។ ប៉ុន្តែ ម្ចាស់សំណង់បានសាងសង់ចូលដីអូរ ប្រវែងជាង៦ម៉ែត្រគឺទំហំអូរនៅសល់តែ៨ម៉ែត្រ៤តឹកប៉ុណ្ណោះ។
លោកបន្តថា ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តបានសម្រេចឲ្យផ្អាកសាងសង់បណ្តោះអាសន្ននិងតម្រូវឲ្យម្ចាស់ដីសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ទើបអាចបន្តបាន ប៉ុន្តែក្នុងករណីអនុវត្តផ្ទុយពីសេចក្តីណែនាំ រដ្ឋបាលខេត្តនឹងមានវិធានការតាមផ្លូវច្បាប់។
ក្រុមជាងសំណង់ ដែលកំពុងធ្វើការសាងសង់ចាក់ឃឿនថ្មនៅទីតាំងខាងលើបានឲ្យដឹងថា ម្ចាស់ដីរបស់គាត់មានឈ្មោះ កៅ ហុង រីឯអ្នកមើលការខុសត្រូវក្នុងការដ្ឋាន មានឈ្មោះ ឈុន ហេង ។ គោលបំណងរបស់ម្ចាស់ដីគឺធ្វើគម្របចាក់បេតុងក្រាលពីលើអូរ ហើយគោលដៅ ចាក់បេតុងក្រាលពីលើអូរ បែបនេះមានប្រវែងមិនតិច ជាង៣០០ម៉ែត្រនោះទេ គឺធ្វើព័ទ្ធជុំវិញដីតែម្តង។
ក្រុមមន្ត្រីជំនាញសុរិយាដីដែលចុះពិនិត្យ និងវាស់វែងផ្ទាល់ ក៏បានបញ្ជាក់ផងដែរថា សំណង់ខឿនឃឿនថ្មនៅសងខាងអូរនិង បង្គោលគ្រឹះដែលបានបោះនៅចំកណ្តាលដីអូរខាងលើ គឺជាការរំលោភបំពានទាំង ស្រុងលើច្បាប់ភូមិបាលតែម្តង ព្រោះដីអូរ ដីចំណីផ្លូវសាធារណៈ ឬបឹង បួ ជាដី សាធារណៈរបស់រដ្ឋ មិនអាចឲ្យបុគ្គលណា ម្នាក់ រំលោភយកធ្វើកម្មសិទ្ធិបានទេ។ ដូចនេះម្ចាស់សំណង់ខាងលើត្រូវតែវាយកម្ទេចចោល និងកាយចេញឲ្យអស់ពីដីអូរ ដោយ រក្សាទំហំដីអូរឲ្យនៅសភាពដើមតាមប្លង់ កម្មសិទ្ធិនៃដីអូរ ៕ ហេង នរិន្ទ្រ