ព័ត៌មានទាន់ហេតុការណ៍៖

កំណើនសេដ្ឋកិច្ចកម្ពុជានៅបន្តកើនឡើងយ៉ាងរឹងមាំទោះបីការបោះឆ្នោតជិតចូលមកដល់ក្តី

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំវេទិកាសាធារណៈក្រោមប្រធានបទ «សេដ្ឋកិច្ច កម្ពុជា ៖ សមិទ្ធកម្ម និងទស្សនវិស័យ»។

វេទិកាសាធារណៈនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋ លេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គម ស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តម សិក្សា, វិស័យឯកជន និងអ្នកសារព័ត៌មាន ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និង យុវជនជាច្រើននាក់ ។

លោក វង្សី វិស្សុត បានថ្លែងថា គោល បំណងនៃការរៀបចំវេទិកាសាធារណៈនេះ ដើម្បីចែករំលែកព័ត៌មានដល់តួអង្គពាក់ ព័ន្ធទាំងអស់បានជ្រាប និងឈ្វេងយល់អំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ ជា ពិសេសការគ្រប់គ្រងសេដ្ឋកិច្ចជាតិ និង សមិទ្ធកម្មខាងផ្នែកសេដ្ឋកិច្ចសំខាន់ៗដែល រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា សម្រេចបាននៅក្នុងរយៈកាលកន្លងទៅក៏ដូចជាទស្សនវិស័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិទៅថ្ងៃមុខ ក្នុងនីតិកាលបន្ទាប់ ទៀតដើម្បីធានាបានភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជាទាំងក្របខ័ណ្ឌតំបន់ និង ពិភពលោកក៏ដូចជាការពង្រឹងមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច ហើយទ្រទ្រង់កំណើននេះឱ្យកាន់តែរឹងមាំរួចបែងចែកផ្លែផ្កានៃ កំណើន នេះមកវិញឱ្យកាន់តែប្រសើរឡើង កាន់តែមានសមធម៌ និងកាន់តែមានប្រសិទ្ធ ភាពជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីធ្វើឲ្យពួកគាត់កាន់តែមានជីវភាពធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងគោលដៅឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូល ខ្ពស់នៅឆ្នាំ២០៥០ ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា ជារួម កំណើនសេដ្ឋកិច្ចកម្ពុជានៅបន្តមានភាពរឹងមាំសម្រាប់រយៈពេលមធ្យមទៅមុខ។ តាម ការប៉ាន់ស្មានចុងក្រោយនេះកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៧អាចនឹងសម្រេចបាន ប្រមាណ៧ភាគរយធៀបនឹងការព្យាករ ប្រមាណ៦,៩ភាគរយដោយសារកំណើនលើសពីការប៉ាន់ប្រមាណនៃវិស័យសំណង់ និងទេសចរណ៍។ កំណើនសេដ្ឋកិច្ចឆ្នាំ ២០១៨នឹងអាចសម្រេចនៅក្នុងរង្វង់៧ ភាគរយ ហើយនឹងអាចឡើងដល់៧,១ភាគ រយនៅឆ្នាំ២០១៩ ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ ថា ការសម្រេចបាននូវកំណើនដ៏រឹងមាំនេះ ដោយសារកត្តា ៖

ទី១-ស្ថានភាពសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពប្រសើរឡើងវិញតាមវដ្តនៃសេដ្ឋកិច្ច(Global Cyclical Recovery)ក្នុង ខណៈដែលអាស៊ីនៅតែជាមជ្ឈមណ្ឌលដឹកមុខកំណើនសេដ្ឋកិច្ចពិភពលោកដដែល។ ប្រការនេះបានធ្វើឱ្យកម្ពុជាជាប្រទេសមួយស្ថិតនៅក្នុងអាស៊ី និងមានសេដ្ឋកិច្ចបើក ចំហខ្លាំងទទួលបានភាពអំណោយផល ច្រើនក្នុងការជួយរុញកំណើនសេដ្ឋកិច្ច កម្ពុជាឱ្យកាន់តែក្លាំងក្លា ។

ទី២-ការដាក់ចេញនិងអនុវត្តនូវកិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យយ៉ាង សស្រាក់សស្រាំរបស់រាជរដ្ឋាភិបាលចាប់តាំងតែពីដើមនីតិកាលទី៥មកនេះបាន ជួយធ្វើឱ្យមូលដ្ឋាននៃសេដ្ឋកិច្ចជាតិមានលក្ខណៈរឹងមាំស្រាប់ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ។

ទី៣-កត្តាស្ថិរភាពនយោបាយនៅក្នុង ប្រទេសនៅពេលជិតបោះឆ្នោតមិនត្រឹមតែបានជួយបង្កើនជំនឿទុកចិត្តមកលើស្ថានភាពនយោបាយនៅក្នុងប្រទេសប៉ុណ្ណោះទេ តែថែមទាំងបានជួយជំរុញសកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភទេឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ។

គួរបញ្ជាក់ថា ក្នុងពេលកន្លងទៅសកម្ម ភាពនិងកំណើនសេដ្ឋកិច្ចតែងតែមាន សភាពទ្រឹងខ្លះនៅរៀងរាល់ជិតការបោះឆ្នោតចូលមកដល់ តែផ្ទុយទៅវិញសកម្ម ភាពសេដ្ឋកិច្ចគ្រប់ប្រភេទនៅក្នុងឆ្នាំ២០១៨នេះនៅតែមានដំណើរការជាធម្មតា និង កាន់តែមានភាពរឹងមាំ ពោលគឺមិនមាន ផលប៉ះពាល់អ្វីជាដុំកំភួនទេទោះបីនៅ សល់ប្រមាណតែ៤ខែទៀតប៉ុណ្ណោះនឹងត្រូវដល់ការបោះឆ្នោតក្តី ។

ជាក់ស្តែងនៅក្នុងប្រមាណខែចុងក្រោយ នេះការនាំចេញនាំចូលទំនិញគ្រប់ប្រភេទនៅតែមានការកើនឡើងខ្លាំង និងមានទំហំ ធំជាងទំហំនៃផ.ស.ស. ជាលំដាប់, សកម្ម ភាពលក់ដូរ ទាំងលក់ដុំ និងលក់រាយនៅតែមានដំណើរការល្អប្រសើរ, វិស័យទេស ចរណ៍ក៏នៅមានសន្ទុះល្អ ហើយការផ្ដល់ ឥណទានដោយធនាគារដល់វិស័យឯកជនក៏កាន់តែរឹងមាំដដែល។ ដោយឡែកវិស័យដីធ្លីនិងអចលនទ្រព្យដែលជាសូចនាករ ដឹកមុខក្នុងការឆ្លុះបញ្ចាំងអំពីភាពជឿជាក់នៃសេដ្ឋកិច្ចក៏កាន់តែមានសកម្មភាពទិញលក់ផុលផុសគក្រឹកគគ្រេង ហើយតម្លៃវិញ ក៏កាន់តែឡើងជាលំដាប់ ។

ទន្ទឹមនឹងនេះអតិផរណានៅតែស្ថិតក្នុងកម្រិតទាបក្នុងខណៈដែលអត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាពយ៉ាងល្អ។ លើសពី នេះទៀតលំហូរទុនវិនិយោគផ្ទាល់ពីក្រៅប្រទេសដែលបានកត់ត្រានៅក្នុងជញ្ជីង ទូទាត់ក៏មានសន្ទុះកំណើនល្អក្នុងរង្វង់ពី ១៦ភាគរយទៅ១៧ភាគរយក្នុងមួយឆ្នាំផងដែរ ពោលគឺក្នុងរង្វង់២៥០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ និងអាចឡើងដល់ ប្រមាណ៣០០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ។

ដោយឡែកទំហំទឹកប្រាក់នៃការផ្ញើ លុយរបស់ពលករពីក្រៅប្រទេសក៏កាន់តែ មានទំហំធំ ពោលគឺក្នុងរង្វង់៥៦០លាន ដុល្លារអាមេរិកក្នុងឆ្នាំនេះ និងប្រមាណជាង ៦០០លានដុល្លារអាមេរិកនៅឆ្នាំក្រោយ។ ប្រការនេះបានធ្វើឱ្យជញ្ជីងទូទាត់មានភាពវិជ្ជមាន ក្នុងខណៈដែលទុនបម្រុងអន្តរជាតិអាចទ្រទ្រង់ការនាំចូលរហូតទៅដល់៦ ខែកន្លះឯណោះធៀបនឹងរយៈកាលកន្លង ទៅដែលទុនបម្រុងអន្តរជាតិរបស់យើងអាចទ្រទ្រង់ការនាំចូលបានត្រឹមតែប្រមាណ ជាង៣ខែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះស្ថាន ភាពហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសក៏ មានភាពល្អប្រសើរផងដែរ ។

ជាក់ស្តែងចំណូលថវិកាជាតិក៏នៅតែ រឹងមាំ ពោលគឺយើងនឹងអាចសម្រេចបានការកៀរគរចំណូលទៅតាមគោលដៅដែលបានដាក់ចេញបើផ្អែកទៅលើស្ថានភាពនៃចំណូលនៅក្នុងរយៈពេលពីរខែដើមឆ្នាំនេះ។ ដោយឡែកក្នុងផ្នែកចំណាយវិញ យើងក៏មានការគិតគូរយ៉ាងខ្លាំងទៅដល់ការគ្រប់គ្រងប្រសិទ្ធភាពនៃចំណាយទាំង ការបែងចែក និងទាំងប្រតិបត្តិការចំណាយជាក់ស្តែង។ ប្រការនេះបានជួយធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានភាពរឹងមាំ និង មាំមួនទោះបើត្រូវជួបប្រទះនូវហានិភ័យ និងបញ្ហាប្រឈមមួយចំនួនក្តី ។

លោក វង្សី វិស្សុត បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ប្រុស ស្រី ក្មេង ចាស់ បានទទួលផល ប្រយោជន៍ពីកំណើនសេដ្ឋកិច្ចជាង២ទស វត្សមកនេះគ្រប់ៗគ្នាតាមរយៈឱកាស ទទួលបានប្រាក់ចំណូល, ការងារធ្វើ, ការ កាត់បន្ថយភាពក្រីក្រ និងសេវាសាធារណៈ គ្រប់ប្រភេទពីរដ្ឋរួមទាំងសេវាខាងផ្នែក សង្គមផ្សេងៗ ព្រមទាំងកាន់តែធ្វើឱ្យវិសមភាពនៅក្នុងសង្គមកាន់តែរួមតូចផងដែរ ។

ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយមូល ដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជាសព្វថ្ងៃនេះនឹង មិនអាចទ្រទ្រង់ការសម្រេចបានកំណើន ក្នុងរង្វង់៧ភាគរយនៅក្នុងរយៈពេលពី៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខទៀតបាននោះទេ បើ សិនយើងមិនមានការគិតគូរអំពីការកែ ទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចដើម្បីកសាង មូលដ្ឋានមួយដែលទ្រទ្រង់ដល់ការផ្លាស់ប្ដូរជារចនាសម្ព័ន្ធ។ នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជាត្រូវ៖

ទី១-ការបង្កើតនូវកម្លាំងចលករអូស កំណើនសេដ្ឋកិច្ចថ្មីៗឲ្យបានច្រើនតាមរយៈការធ្វើទំនើបកម្មនៃក្បាលម៉ាស៊ីនសេដ្ឋកិច្ចសព្វថ្ងៃនេះឲ្យកាន់តែមានតម្លៃបន្ថែមខ្ពស់ និងឲ្យកាន់តែមានពិពិធកម្ម។ ក្នុងក្របខ័ណ្ឌ នេះយើងត្រូវគិតគូររៀបចំផែនការរយៈពេល វែងក្នុងការអភិវឌ្ឍវិស័យកាត់ដេរ, វិស័យ ទេសចរណ៍ និងវិស័យកសិកម្ម ក្រៅពីនេះ យើងត្រូវពង្រីកនិងបង្កើតនូវកម្លាំងចលករថ្មីៗទៀតដែលដឹកមុខដោយវិស័យឯកជន ជាពិសេសផ្តោតលើអេសអុឹមអីុ ។

នៅក្នុងក្របខ័ណ្ឌនេះរាជរដ្ឋាភិបាល នឹងបង្កើតធនាគារអេសអុឹមអីុ, ការជំរុញ អនុវត្តមូលនិធិអភិវឌ្ឍន៍ជំនាញ និងការ បង្កើតមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សហគ្រិនវ័យក្មេងដែលមានសក្តានុពល នៅពេលចាប់ផ្តើមដំណើរការអាជីវកម្ម។ ទន្ទឹមនឹងនេះរដ្ឋត្រូវចេញមុខធ្វើអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពនៅពេលដែលមុខងាររបស់ទីផ្សារលែងដំណើរការ (Market Failure) នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទាំងនៅ ក្នុងវិស័យសេដ្ឋកិច្ចពិត និងទាំងក្នុងវិស័យ ហិរញ្ញវត្ថុដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែមានចលនការ, រឹងមាំ និងរស់រវើក ហើយ រចនាសម្ព័ន្ធសេដ្ឋកិច្ចកាន់តែទំនើបកម្ម។

ទី២-ការបង្កើតនូវប្រភពទ្រទ្រង់កំណើន (Factor of Growth)ថ្មីៗ ព្រោះកម្ពុជាមិនអាចពឹងផ្អែកជាចម្បងតែទៅលើប្រភពនៃកត្តាពលកម្ម (Labor Participation) តទៅ ទៀតទេ ពោលគឺត្រូវដោះស្រាយបញ្ហាកត្តា ផលិតភាពការងារ (Labor Productivity) និងកត្តាការវិនិយោគទុន (Capital Accumulation) ដែលបច្ចុប្បន្ននៅមានកម្រិត ទាបនៅឡើយ ។

ទី៣-ការយកចិត្តទុកដាក់លើការបែងចែកធនធាននៅក្នុងសេដ្ឋកិច្ចទាំងធនធាន សាធារណៈទាំងធនធានឯកជនដោយរួមបញ្ចូលទាំងធនធានហិរញ្ញវត្ថុ, ធនធាន មនុស្ស និងធនធានធម្មជាតិតាមរយៈការពង្រឹងប្រសិទ្ធភាពនៃបែងចែក និងការប្រើ ប្រាស់ធនធានទាំង៣នេះដើម្បីទ្រទ្រង់ កំណើនផង និងធានាសមធម៌សង្គមឱ្យ កាន់តែប្រសើរឡើងផង ។

ទី៤-ការបន្តការយកចិត្តទុកដាក់លើការវិនិយោគលើការតភ្ជាប់ដោយគ្រប់ដណ្តប់ការតភ្ជាប់វិស័យគន្លឹះចំនួន៣គឺវិស័យគមនាគមន៍ដឹកជញ្ជូន, ថាមពល និងឌីជីថលក្នុងគោលដៅធ្វើឱ្យការតភ្ជាប់នៅក្នុងប្រទេស របស់យើងគឺកាន់តែល្អនិងមានគុណភាពកាន់តែប្រសើរឡើងក៏ដូចជាដើម្បីអនុវត្ត សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ។

ទី៥-ការបន្តយកចិត្តទុកដាក់លើការ អភិវឌ្ឍធនធានមនុស្សដែលជាកិច្ចការ រយៈពេលវែងដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការបណ្តុះបណ្តាលជំនាញ ។

ទី៦-ការបន្តកែលម្អក្របខ័ណ្ឌយុត្តិកម្ម (Regulatory Environment) ទាក់ទងទៅ នឹងច្បាប់ និងនីតិវិធីផ្សេងៗ ពិសេសផ្នែក ពន្ធដារ និងកិច្ចសម្រួលពាណិជ្ជកម្ម។ នៅ ក្នុងក្របខ័ណ្ឌនេះយើងនឹងធ្វើទំនើបកម្ម ប្រព័ន្ធពន្ធដារនៅក្នុងក្របខ័ណ្ឌការរៀបចំយុទ្ធសាស្រ្តកៀរគរចំណូលថ្មី (២០១៩-២០២៣)។ ក្នុងគោលដៅម្ខាងរុញកំណើន សេដ្ឋកិច្ច ការបង្កើតការងារផង និងម្ខាងទៀតធានាបានស្ថិរភាពនៃការប្រមូល ចំណូលសាធារណៈសម្រាប់ទ្រទ្រង់ថវិកា ជាតិ និងដើម្បីធានាឱ្យមានយុត្តិធម៌ក្នុងការបង់ពន្ធ, យុត្តិធម៌សង្គម និងសមធម៌សង្គម ផងដែរ ។

ទី៧-ការកសាងស្ថាប័នឱ្យមានលក្ខណៈរឹងមាំតាមរយៈការកែទម្រង់ស៊ីជម្រៅ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ ទន្ទឹមគ្នានឹងការកែទម្រង់ប្រព័ន្ធនៃការគ្រប់ហិរញ្ញវត្ថុសាធារណៈតាមរយៈការអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥ ដែលត្រូវបាន រៀបចំរួចហើយ ។

ទី៨-ការបន្តស្វែងរកនូវប្រភពទុនថ្មីៗ តាមរយៈការកែទម្រង់វិស័យហិរញ្ញវត្ថុទាំងមូលទាំងវិស័យធនាគារ និងទាំងវិស័យ មិនមែនធនាគារដូចជា ទីផ្សារទុន មូល បត្រ ទីផ្សារបំណុល ទីផ្សារភាគហ៊ុន និង វិស័យផ្សេងៗទៀត ។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ជារួមក្រៅពីការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ, រាជរដ្ឋាភិបាលនីតិកាល ទី៥នៃរដ្ឋសភាបានខិតខំសម្រេចបានសមិទ្ធផលធំៗជាច្រើនរាប់មិនអស់ជូនប្រទេសជាតិ និងប្រជាជន។ ដោយក្នុងនោះរាជរដ្ឋា ភិបាលក៏បានគិតគូរនិងដាក់ចេញគោល នយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាច្រើនស្ទើរគ្រប់វិស័យសម្រាប់ជាចក្ខុវិស័យ និងតម្រង់ទិសការអភិវឌ្ឍប្រទេសទៅថ្ងៃ មុខដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាជាបន្តទៀត ។

នៅក្នុងអង្គវេទិកាសាធារណៈនោះក៏ មានការរៀបចំឱ្យមានវគ្គពិភាក្សានិងសំណួរ ចម្លើយយ៉ាងផុលផុសប្រកបដោយគុណ ភាព និងមានលក្ខណៈស៊ីជម្រៅ ៕ ហេង សូរិយា


ចែករំលែក៖