ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋបានឲ្យ ដឹងកាលពីពេលថ្មីៗថា រហូតមកដល់ពេល នេះ នៅតែមានការនាំចូលថ្នាំពុលកសិកម្ម ខុសច្បាប់យ៉ាងគគ្រឹកគគ្រេង ពីប្រទេស វៀតណាម តាមច្រក ជ្រៃធំ ក្នុងស្រុកកោះធំ នៃខេត្តកណ្ដាល តាមរយៈការឃុបឃិត ចែកប្រយោជន៍គ្នា រវាងមន្ត្រីច្រក នឹង ផ្នែកជំនាញ។
បើតាមសេចក្ដីរាយការណ៍ថា ថ្នាំពុល រាប់សិបតោនក្នុងមួយថ្ងៃៗ ត្រូវបានក្រុមឈ្មួញនាំចូលតាមច្រកខាងលើ ដោយពួកគេបានបង់លុយឲ្យមន្ត្រីឈរជើង នៅចំណុចនោះគ្រប់ស្ថាប័ន ពិសេសមន្ត្រីផ្នែក កសិកម្ម, ហើយដែលថ្នាំពុលកសិកម្មទាំងនោះត្រូវបានគេយកទៅចែកចាយ នៅក្នុងខេត្តកណ្ដាល និងខេត្តតាកែវ។
ទាក់ទងនឹងករណីនេះ លោក ប៊ុន នួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្ដាលបានទទួលស្គាល់ថា ពិតជាមានការនាំចូល ថ្នាំពុលកសិកម្ម តាមច្រកខាងលើមែន, តែលោកបញ្ជាក់ថា ការនាំចូលនោះ មិន ពាក់ព័ន្ធនឹងលោកទេ ព្រោះមានសមត្ថកិច្ចច្រើនស្ថាប័នណាស់ ដែលឈរជើងនៅ ចំណុចខាងលើ ។
លោកថា លោកក៏មានកម្លាំងឈរជើងនៅទីនោះដែរ តែមន្ត្រីរបស់លោករួមទាំង រូបលោកផងមិនមានតួនាទីទៅឃាត់ក្រុមឈ្មួញទាំងនោះទេ គឺមានតែមន្ត្រីនគរបាលយុត្តិធម៌តែប៉ុណ្ណោះ។
ចំណែកលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ក៏បានឲ្យដឹងដែរថាជាទូទៅ លោកបានដឹកនាំមន្ត្រីជំនាញ របស់លោកចុះទៅអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដោយហាមដាច់ខាតមិនឲ្យមានការប្រើប្រាស់ ឬលក់ដូរថ្នាំពុលកសិកម្ម ដែលនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាមនោះទេ ៕ ហេង នរិន្ទ្រ