ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញ រថយន្តដឹកទំនិញគេចពន្ធចេញពីព្រំដែនថៃចូលមកចែកចាយក្នុងខេត្តសៀមរាបយ៉ាងរលូនតាមស្រុកក្រឡាញ់ និងស្រុក វ៉ារិន ក្នុងខេត្តសៀមរាប។ ករណីនេះគេបាន ដាក់ការសង្ស័យថា គយខេត្តសៀមរាបជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូល ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងគំហុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ប្រភពព័ត៌មានបានឲ្យដឹងថា ទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមច្រកព្រំដែនថៃមានដូចជា ភេសជ្ជៈ គ្រឿងកំប៉ុង គ្រប់ប្រភេទ គ្រឿងឧបភោគបរិភោគដោយ ដឹកតាមរថយន្តម៉ាកសាំយ៉ុង រថយន្តចំណុះ មួយបាំងកន្លះផ្ទុករាប់តោន និងរថយន្ត កាមរីឆ្ពោះមកចែកចាយនៅក្នុងខេត្តសៀមរាបយ៉ាងរលូន ។
ប្រភពពីអាជីវករនិងក្រុមឈ្មួញតូច តាចបានឲ្យដឹងថា នៅពេលពួកគាត់នាំចូល ទំនិញចូលមកតាមច្រកព្រំដែនរួចឆ្លងមកជិតដល់ខេត្តសៀមរាបត្រូវបង់លុយឲ្យ មន្ត្រីគយនៅច្រកនេះតាមការកំណត់ ហើយ សមត្ថកិច្ចគយមិនបានចេញវិក្កយបត្រ ត្រឹមត្រូវឡើយ ។
ជាងនេះទៅទៀតនៅពេលពួកគាត់ដឹកទំនិញឆ្លងផុតមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀតចាំយកលុយពីពួកគាត់ តាមអំពើចិត្តធ្វើឲ្យពួកគាត់រកស៊ីស្ទើរតែ គ្មានសល់លុយចំណេញសម្រាប់ទ្រទ្រង់ ជីវភាពនោះទេ ដូចគេនិយាយថា “រកសុី ចិញ្ចឹមតែប្តីគេ”។ ក្នុងនោះអំពើពុករលួយ របស់លោក សុខ សុដារ៉ា ប្រធានសាខា គយនិងរដ្ឋាករខេត្តសៀមរាបកំពុងធ្វើឲ្យ រដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹក សន្ធាប់ក្នុងមួយខែៗ ព្រោះជារៀងរាល់ថ្ងៃ ឈ្មួញធំៗនាំចូលទំនិញរាប់សិបតោនពី ទឹកដីថៃចូលទឹកដីខ្មែរ ។
ទាក់ទិនករណីនេះលោក សុខ សុដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពី រសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ដោយសារទូរស័ព្ទចូល តែគ្មានអ្នកទទួល ។
យ៉ាងនេះក្តីគេសង្ឃឹមថា លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនឹងមាន វិធានការទៅលើទំនិញគេចពន្ធដែលកំពុងហូរចូលក្នុងខេត្តសៀមរាបជាក់ជាមិនខាន ហើយគេសង្ឃឹមថា លោកអភិបាលខេត្ត នឹងមិនជាប់ត្រគាកដូចលោក សុខ សុដារ៉ា ប្រធានសាខាគយ និងរដ្ឋាករខេត្តសៀម រាបនោះទេ ៕ ហេង សូរិយា