ខេត្តកណ្តាល ៖ ដេប៉ូលក់ខ្សាច់១កន្លែង យីហោ ចាន់ណា មានទីតាំងនៅតាម បណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កំពុងតែបង្ក បញ្ហាដល់សណ្តាប់ធ្នាប់សាធារណៈ ធ្វើឲ្យ អ្នកដំណើររិះគន់គ្រប់គ្នា ដោយសារតែនៅ ចំពីមុខច្រកចេញចូលដេប៉ូពោរពេញទៅ ដោយដីខ្សាច់គ្របលើផ្លូវជាតិ ជាពិសេស រថយន្តដឹកខ្សាច់ចេញពីដេប៉ូភាគច្រើនជាខ្សាច់សើមហូរទឹកលាយជាមួយខ្សាច់ធ្លាក់មកលើផ្លូវជាតិ ។
កន្លងមកអាជ្ញាធរស្រុកកៀនស្វាយបានណែនាំឲ្យម្ចាស់ដេប៉ូលក់ខ្សាច់ទាំងអស់ត្រូវទទួលខុសត្រូវបោសសម្អាតនៅមុខដេប៉ូ របស់ខ្លួនដើម្បីធានាបាននូវសណ្តាប់ធ្នាប់ ល្អមិនបង្កផលប៉ះពាល់ដល់អ្នកដំណើរ ហាមមិនឲ្យដឹកខ្សាច់សើមចេញពីដេប៉ូយក ទៅដាក់តាមការដ្ឋានផ្សេងៗព្រោះការដឹក ខ្សាច់សើមធ្វើឲ្យកំពប់មកលើផ្លូវជាតិ ចំពោះ រថយន្តដឹកខ្សាច់ត្រូវតែគ្របហាមដឹកលើសទ្រុង ។ ផ្ទុយទៅវិញបម្រាមនេះបានរសាត់ឆ្ងាយទៅហើយនិងគ្មានន័យទាល់តែសោះសម្រាប់ម្ចាស់ដេប៉ូលក់ខ្សាច់យីហោ ចាន់ ណា ។ រថយន្តជាច្រើនគ្រឿងដែលដឹកខ្សាច់ ចេញពីដេប៉ូយកទៅចាក់បំពេញនៅតាមការដ្ឋាននានាក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ គឺដឹកជញ្ជូនសុទ្ធតែខ្សាច់សើមធ្លាក់មកលើផ្លូវជាតិ បណ្តាលឲ្យខ្ទាតប្រឡាក់ទៅលើរថយន្តដែលបើកពីក្រោយរថយន្តដឹកខ្សាច់និងប្រឡាក់សម្លៀកបំពាក់អ្នក ដំណើរដោយម៉ូតូ ។
ដូចឃើញក្នុងរូបភាពនេះរថយន្តដឹក ខ្សាច់ចង្កូតស្តាំ១គ្រឿងដឹកខ្សាច់សើមចេញពីដេប៉ូលក់ខ្សាច់យីហោ ចាន់ណា បានបង្កបញ្ហាដល់សណ្តាប់ធ្នាប់លើដងផ្លូវជាតិលេខ១ ដោយសារតែទឹកលាយខ្សាច់ហូរចេញពីរថយន្តធ្លាក់មកលើផ្លូវជាតិ ។ សកម្មភាពដឹកជញ្ជូនបែបនេះបានកើតឡើងរៀងរាល់ថ្ងៃចាប់ពីចំណុចដឹកចេញពីដេប៉ូរហូត មកដល់មុខសាលាបឋមសិក្សាគគីរ ព្រោះជាគោលដៅដែលក្រុមរថយន្តដឹកខ្សាច់ របស់ម្ចាស់ដេប៉ូលក់ខ្សាច់យីហោ ចាន់ណា កំពុងតែសម្រុកដឹកចាក់បំពេញការដ្ឋាន ។
ប្រជាពលរដ្ឋបានសំណូមពរ សូមឲ្យ គណៈបញ្ជាការឯកភាពស្រុកគួរតែមាន វិធានការតឹងរ៉ឹងទៅលើរថយន្តដឹកខ្សាច់សើមចេញពីដេប៉ូ និងណែនាំឲ្យម្ចាស់ដេប៉ូ លក់ខ្សាច់យីហោចាន់ណា ត្រូវគិតគូរដល់ បញ្ហាសណ្តាប់ធ្នាប់សាធារណៈផង អ្នកដែលទទួលរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋគឺអាជ្ញាធរឃុំនិងស្រុក ចំណែកម្ចាស់ដេប៉ូលក់ខ្សាច់ជាអ្នកទទួលផលចំណេញ ៕ សណ្តោស