ព័ត៌មានទាន់ហេតុការណ៍៖

សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិននឹងធ្វើឲ្យភាពស្និទ្ធស្នាលកាន់តែស៊ីជម្រៅបន្ថែមទៀត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មេបញ្ជាការកងទ័ពជើងគោកចិនលោកឧត្តមសេនីយ៍ទោ ចូវ សុងហឺរ បានបានអះអាងថា ការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជានឹងចិនអស់រយៈពេល ប៉ុន្មានថ្ងៃមកនេះនឹងនាំឲ្យភាពស្និទ្ធស្នាលរវាងកងទ័ពនៃប្រទេសទាំង២កាន់តែស្និទ្ធ ស្នាល និងស៊ីជម្រៅបន្ថែមទៀត ។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោចិនរូបនេះបានធ្វើឡើងនៅក្នុងកម្មវិធី បិទសមយុទ្ធនាគមាសឆ្នាំ២០១៨ ក្រោម ប្រធានបទ «ប្រឆាំងភេរវកម្ម និងមនុស្សធម៌» កាលពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ នៅភ្នំម្រះ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។

លោក ចូវ សុងហឺរ បានបន្ថែមថា ការធ្វើ សមយុទ្ធរួមគ្នាជាមួយកងទ័ពចិនអស់រយៈ ពេលពីរសប្តាហ៍កន្លងទៅជាការបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង២ ហើយក៏ដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពទាំង២លើការប្រឆាំងភេរវកម្មផងដែរ ។

លោក ចូវ សុងហឺរ បានបន្ថែមទៀតថា រូបភាពសមយុទ្ធអស់រយៈពេលប៉ុន្មានថ្ងៃ មកនេះរវាងកងទ័ពចិននឹងកម្ពុជាជាការ បង្ហាញពីទំនាក់ទំនងមិនអាចកាត់ផ្តាច់ បាន ដូចអ្វីដែលថ្នាក់ដឹកនាំកំពូលប្រទេសទាំង២បាននិងកំពុងមានតាំងពីអតីតកាលក៏ដូចជាបច្ចុប្បន្ននេះ ។

លោកឧត្តមសេនីយ៍ទោ ចូវ សុងហឺរ បានបញ្ជាក់ថា សមយុទ្ធនេះក៏សម្តែងពីការ អបអរសាទរខួបលើកទី៦០ឆ្នាំនៃទំនាក់ ទំនងការទូតប្រទេសចិន និងកម្ពុជាផងដែរ។ យ៉ាងណាក៏ដោយលោក ចូវ សុងហឺរ បាន បញ្ជាក់ថា ទំនាក់ទំនងរវាងកងទ័ពកម្ពុជា-ចិននឹងមានភាពស្អិតល្មួត និងស៊ីជម្រៅដូចទំនាក់ទំនងការទូតយ៉ាងដូច្នេះដែរ ។

នាឱកាសនោះដែរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិបានអះអាងថា រាល់ជំនួយរបស់ចិនមិនត្រឹមតែធ្វើឲ្យកម្ពុជាមានជំនាញ គ្រប់បែបយ៉ាងនោះទេគឺបានធ្វើឲ្យកម្ពុជាទាំងមូលមាននូវភាពឯករាជ្យទៀតផង ។

សម្ដេចពិជ័យសេនាបានបន្ដថា ចិនបានផ្ដល់ជំនួយជាច្រើនដល់កម្ពុជា ហើយជំនួយ ទាំងនេះបានធ្វើឲ្យប្រទេសកម្ពុជាមានការ រីកចម្រើនលើគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋា រចនាសម្ព័ន្ធនិងវិស័យកងទ័ពជាដើម ។

សូមរំលឹកថា សមយុទ្ធរវាងកងទ័ពកម្ពុជា នឹងចិនអស់រយៈពេល២សប្តាហ៍មកនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកប ដោយភាពស្និទ្ធស្នាលបំផុត ខណៈភាគី ទាំង២អះអាងថា ការធ្វើសមយុទ្ធនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងកងទ័ពប្រទេសទាំង២កាន់តែខ្លាំងក្លា និងស៊ីជម្រៅបន្ថែមទៀតលើគ្រប់ជំនាញ ៕ ហេង សូរិយា


ចែករំលែក៖