ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគ្រឿងញៀនស្រ្តីម្នាក់ត្រូវប្ដីវាយធ្វើបាបរហូតដល់ស្លាប់ក្នុងបន្ទប់

ចែករំលែក៖

ប៉ោយប៉ែត៖ ស្រ្តីម្នាក់ត្រូវបានអ្នកស្រុកលើកឡើងថា ជារៀងរាល់ថ្ងៃ ប្ដីវាយធ្វើបាបគ្មានលួសពេល រហូតដល់ដេកស្លាប់ក្នុងបន្ទប់ ដែលគេសង្ស័យបណ្ដាលមកពីឥទ្ធិពលគ្រឿងញៀន ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ឋិតនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សពស្ត្រីរងគ្រោះមានឈ្មោះកាន់ និកា អាយុជា២៤ឆ្នាំ ចំណែកប្ដីជាជនសង្ស័យឃាតកឈ្មោះបឿន សំប៊ូស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។

តាមការអះអាងរបស់ស្ត្រីម្នាក់ឈ្មោះ ហាយ ម៉ៅ អាយុ៥៨ឆ្នាំ ត្រូវជាម្ដាយជនដៃដល់បានបញ្ជាក់ថា កន្លងមក ប្ដីប្រពន្ធទាំងពីរតែងតែនាំគ្នាទៅហួបបាយនៅផ្ទះរបស់គាត់ លុះរយៈពេលជាពីថ្ងៃ និងថ្ងៃកើតហេតុ មិនឃើញកូនទាំងពីនាំគ្នាទៅហូបបាយ ពេលបាត់យូរ ក៏នាំប្អូនស្រីបង្កើតមកមើលស្រាប់តែប្រទះឃើញដេកស្លាប់បាត់ប្ដី (កូន)មិនដឹងទៅណា ក៏ទូរស័ព្ទហៅមេភូមិ និងសមត្ថកិច្ចចុះមកពិនិត្យ ។

ម្ដាយជនដៃដល់បញ្ជាក់ថាៈ ដោយយល់ឃើញថា ខ្លួនជាស្រ្តីមេម៉ាយ ក៏ទៅនៅផ្ទះជាមួយកូនស្រ្តីម្នាក់ទៀត ដែលនាងធ្វើការនៅកាស៊ីណូ ទុកផ្ទះកើតហេតុនេះឲ្យកូនទាំងពីរនាក់ប្ដីប្រពន្ធនៅ ហើយម្ហូបអាហារគាត់(ម្ដាយ)ជាអ្នកគ្រប់គ្រងផ្ដល់ឲ្យរាល់ថ្ងៃ។

ប្រភពពីអ្នកស្រុករស់នៅជាប់រងផ្ទះ និងសមត្ថកិច្ចបានប្រាប់ថាៈ ស្រ្តីរងគ្រោះខាងលើត្រូវប្ដីវាយធ្វើបាបជារៀងរាល់ថ្ងៃ ខណៈប្រពន្ធរកប្រាក់មិនបានឲ្យប្ដីទិញថ្នាំញៀនទេនោះ ប្ដីវាយស្ទើរតែរកពេលទំនេរគ្មាន ដោយសារតែប្ដីនាងរងគ្រោះបានប្រព្រឹត្តនៅនូវសារធាតុញៀន សួម្បីតែរានទេវតា ក៏ត្រូវជនដៃដល់ជាប្ដីវាយកំទេចដែរ ពេលដែលញៀនថ្នាំម្ដងៗ ។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា នៅលើដងខ្លួនសពរងគ្រោះមានស្នាមជាំចាប់តាំងពីស្មងជើងរហូតដល់ផ្ទៃមុខ និងក្បាល ហើយស្នាមជាំចាស់ និងស្នាមជាំថ្មី ។ ចំណែកសពរងគ្រោះមានផ្ទៃពោះរយៈពេល៥ទៅ៦ខែទៀតផង។

សពរងគ្រោះក្រោយពីការពិនិត្យរបស់សមត្ថកិច្ចរួចរាល់បានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ ។ ចំណែកជនដៃដល់ជាប្ដីត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖