ខេត្តពោធិ៍សាត់៖ ប្រជានេសាទឃុំរាំង ទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បាន រាយការណ៍នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ថា ក្រុមមន្រ្តីបរិស្ថានបរាជ័យក្នុងការបង្រ្កាប បទល្មើសខុសច្បាប់ស្តីពីជលផលប្រភេទឧបករណ៍(អួនកែច្នៃរួមផ្សំដោយចរន្ត ឆក់) ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជានេសាទមានចម្ងល់នោះ គឺរយៈប្រមាណកន្លះម៉ោង ក្រោយមកគេឃើញមុខសញ្ញាជាជនសង្ស័យ ប្រព្រឹត្តបទល្មើសខាងលើទាំងនោះចូលមកជ្រកកោនយ៉ាងស្និទ្ធស្នាលនៅស្នាក់ការ រដ្ឋបាលជលផលរាំងទិល ដែលចំណុចនេះធ្វើឲ្យមានការសង្ស័យថា តើលោក ហម ណារិន មាន តួនាទីជានាយ រងសង្កាត់រដ្ឋបាលជលផលកណ្ដៀង និង មុខសញ្ញាប្រព្រឹត្តបទល្មើសនេសាទ ពិសេសលួចធ្វើសកម្មភាពនេសាទក្នុង កន្លែងអភិរក្សជលផល (អតីតឡូត៍នេសាទ លេខ៦)មានជាប់ពាក់ព័ន្ធអីៗនឹងគ្នាដែរ ឬទេ ។
ប្រភពរាយការណ៍ខាងលើបន្តទៀតថា គេនៅចាំបានថា កាលពីវេលាម៉ោងប្រមាណ ជាង៩ព្រឹក ថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វ ស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះកម្លាំងខាងមន្ទីរបរិស្ថានបានចុះល្បាតនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចអតីតឡូត៍នេសាទលេខ៤ ទល់មុខឃុំរាំងទិល ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ខណៈនោះមានការបង្រ្កាប ជនកំពុងប្រព្រឹត្តបទល្មើស ដោយប្រើប្រាសឧបករណ៍ប្រភេទ(អួនកែច្នៃរួមផ្សំដោយ ចរន្តឆក់)អូសទាញដោយកម្លាំងម៉ាសុីនធំៗ ប៉ុន្តែការបង្រ្កាបបទល្មើសនេសាទខុស ច្បាប់ស្តីពី ជលផលខាងលើ ត្រូវបានបរាជ័យ ដោយ ក្រុមជនប្រព្រឹត្តបទល្មើសទាំងនោះ ឡោមព័ទ្ធសមត្ថកិច្ចមន្រ្តីបរិស្ថានទៅវិញ រួមទាំងមានការផ្ទុះអាវុធពីមន្រ្តីបរិស្ថានផងដែរ ទើបបំបែកហ្វូងជនទាំងនោះបាន ហើយក្រោយមកប្រមាណកន្លះម៉ោងគេ ឃើញក្រុមជន សង្ស័យជាមុខសញ្ញាឈ្មោះ ង្វៀង យុាំង ហ៊ុង និងឈ្មោះ ង្វៀង យាំុងហាវ ដែលបច្ចុប្បន្នស្នាក់នៅផ្ទះបណ្ដែតលើផ្ទៃ ទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំ រាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នាំគ្នាចូលមកស្នាក់ការមន្រ្តីរដ្ឋបាលជល ផលរាំងទិល ជជែកគ្នាលេងយ៉ាងស្និទ្ធ ស្នាលគួរឲ្យសង្ស័យថា លោក ហម ណារិន អាចជាប់ពាក់ព័ន្ធក្នុងករណីនេះ?៕ ប៉ឹម ពិន