ភ្នំពេញ៖ បុរសម្នាក់ដឹកដៃប្រពន្ធមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ទាំងស្ថានភាពមុខប៉ោងខៀវភ្នែកសុំការអន្តរាគមន៍កាលពីវេលាម៉ោង១រសៀល ថ្ងៃសុក្រ ១៥កើតខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៦៥១ ត្រូវ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីបុរសម្នាក់ជាមិត្តចាស់យូមកហើយបានសុំបន្ទប់ស្នាក់អាស្រ័យខណៈកំពុងដេកលង់លក់ស្រាប់តែបុរសនោះយកអង្រែមកវាយទាំងកំរោលបណ្តាលឲ្យរងរបួសហើយគេចខ្លួនបាត់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិទួលទង្រ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះគត់ថេប ភេទប្រុស អាយុ២១ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានប្រពន្ធឈ្មោះសោមមឿន អាយុ២៣ ឆ្នាំ មុខរបរធ្វើការោងចក្រ មានស្រុកំណើតនៅ ភូមិប្រ៉បសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំងកក់ ខេត្តតាកែវ។ ចំណែកជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះម៉ាប់ ។
តាមការៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា កាលពី៣ឆ្នាំមុនរូបគាត់ និងឈ្មោះម៉ាប់មានទំនាក់ទំនងជាមួយគ្នាដោយស្គាល់តាមរយះរត់ឌុបជាមួយគ្នា ក្រោយមកក៏បែកគ្នាមិនដែលជួបគ្នាសោះ លុះមកដល់វេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែឆ្នាំដដែល ពេលដែលរូបគាត់ចេញមកពីធ្វើការរោងចក្រវិញស្រាប់តែឈ្មោះម៉ាប់ មកដល់បន្ទប់ជួល សុំស្នាក់មួយយប់សិន។
សាក្សីដដែលបានបន្តថា ដោយសារតែមនុស្សធ្លាប់ស្គាល់គ្នាពីមុន ទើបគាត់អនុញាតិឲ្យស្នាក់នៅ លុះយប់ឡើង ក៏សម្រាកក្នុងនោះមានគ្នា៣នាក់ រហូតដល់វេលាម៉ោង១រំលងអធ្រាត្រ ខណៈកំពុងដេកលង់លក់ស្រាប់តែឈ្មោះម៉ាប់បានយកអង្រែបុកគ្រឿងមកវាយរូបគាត់ទាំងកម្រោលភ្លាមនោះរូបគាត់ដឹងខ្លួនក៏តដៃតែជននោះ ក៏រត់គេចខ្លួនបាត់បណ្តាលឲ្យគាត់រងរបួសបែកមុខមាត់ខៀវភ្នែក ។
ក្រោយកើតហេតុរូបគាត់មិនបានមកដាក់ពាក្យបណ្តឹងនោះទេ ដោយសារតែរបួសធ្ងន់ក៏ទៅរកពេទ្យព្យាបាលសិន លុះព្រឹកឡើងទើបមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ដើម្បីសុំការអន្តរាគមន៍ និងតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់ ៕ សុខាសែនជ័យ