ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បែកថ្នាំរត់ចោលម៉ូតូ ទូរស័ព្ទរាយការណ៍ទៅវិទ្យុថាមានចោរភ្ជង់ប្លន់ផ្អើលសមត្ថកិច្ច ចុងក្រោយត្រូវជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនបន្ទាប់ពីចេញពីជក់ថ្នាំ រួចសមត្ថកិច្ចឃាត់សួរនាំ តែបែរជារត់ចោលម៉ូតូ រួចទាក់ទងទៅវិទ្យុ ABC ថា មានជនសង្ស័យ៣នាក់ប្រដាប់ដោយដាវសាម៉ូរ៉ៃ២ដើម ភ្ជង់ប្លន់ យកម៉ូតូ ចុងក្រោយជាប់ខ្នោះ ។

ហេតុការណ៍ដ៏បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង១១:១០នាទីយប់ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ កែងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ធី ប្រណី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលេងភ្លេងសម័យ តាមរោងការ មានទីលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោក ម៉េង វិមានតារា អធិការរងខណ្ឌមានជ័យ ទទួលបន្ទុកយុត្តិធម៌បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីតំបន់មិនរៀបរយ (វាលខ្សាច់តាក់ហ្វាត)មហាវិថីសម្ដេចតេជោ(ផ្លូវ៦០ម៉ែត្រ) ទើបកម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ប្រទះឃើញ ដោយមានការសង្ស័យ សមត្ថកិច្ចក៏សាកសួរ និងត្រួតពិនិត្យ តែជនសង្ស័យបានដកសោរម៉ូតូ រួចរត់គេចខ្លួនទៅតាមច្រកតំបន់វាលខ្សាច់តាក់ហ្វាតនោះបាត់ស្រមោលតែម្ដង ដោយរង់ចាំមើលមួយសន្ទុះមិនឃើញជនសង្ស័យ ត្រឡប់មកវិញ ទើបសមត្ថកិច្ចបានយម៉ូតូ Viva ស្លាកលេខ កណ្ដាល 1H-6508 ខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំម្ចាស់ម៉ូតូមានកាគ្រីនិងឯកសារមកម៉ូតូវិញ។

ក្រោយមកជនសង្ស័យបានទាក់ទងទៅបងប្រុសអោយមកយកខ្លួន រួចទាក់ទងរាយការណ៍ទៅវិទ្យុABC ថាមានជនសង្ស័យ៣នាក់ ជិះម៉ូតូ Dream មិនចាំស្លាកលេខ មួយគ្រឿង ប្រដាប់ដោយដាវសាម៉ូរ៉ៃ២ដើម ជិះតាមពីក្រោយមកដល់ចំណុចមុខវត្តចាក់អង្រែក្រោម រួចដកដាវភ្ជង់ប្លន់ យកម៉ូតូពីខ្លួនបានសម្រេចរួចជិះគេចខ្លួនបាត់ទៅ ផ្អើលសមត្ថកិច្ចទាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះស្វែងរកលាន់ តែមកដល់កន្លែងកើតហេតុនាំទៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីសាកសួរពីដំណើររឿង និងពិនិត្យទឹកនោមទើបដឹងថា ជនសង្ស័យខាងលើពិតជាបានចូលទៅប្រើប្រាស់គ្រឿងញៀន នៅតំបន់មិនរៀបរយ (វាលខ្សាច់តាក់ហ្វាត) ផ្លូវ៦០ម៉ែត្រនោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ ប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖