ភ្នំពេញ ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ៣៦៩ ចាប់ពីតំបន់ច្រាំងបាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់វិហ៊ាឥស្លាម ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោករស់ សុភ័ក្តិ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានបើកយុទ្ធនាការសាជាថ្មីដើម្បីរំដោះចិញ្ចើមផ្លូវ ក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ដើម្បីសម្រួលដល់ការធ្វើចរាចរនៅក្នុងមូលដ្ឋាន ។
យុទ្ធនាការនេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរខណ្ឌបានជូនដំណឹងនិងចុះរៀបចំសណ្តាប់ធ្នាប់ព្រមទាំងធ្វើការអប់រំណែនាំ២-៣ដងដល់ម្ចាស់ទីតាំងនឹងហាមមិនឲ្យយកចិញ្ចើមផ្លូវ លេខ ៣៦៩និងផ្លូវ មួយចំនួនទៀតធ្វើអាជីវកម្មនោះឡើយ ។ ដោយពិនិត្យឃើញថាពួកគាត់មិនព្រមចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ទើបគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការក្តៅដោយចាប់យកយានយន្តដែលចតនៅចិញ្ចើមផ្លូវបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌដើម្បីឲ្យម្ចាស់យានយន្តនិងម្ចាស់ទីតាំងធ្វើកិច្ចសន្យាឈប់ដាក់បន្តទៀត តែមិនផាកពិន័យនោះឡើយ ។
លោករស់ សុភ័ក្តិ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌបានឲ្យដឹងថា មុនពេលក្រុមការងារចុះមកអនុវត្តវិធានការរដ្ឋបាលខាងលើនេះគណៈបញ្ជាការឯកភាពខណ្ឌបានរៀបចំផែនការឲ្យក្រុមការងារចុះចែកនូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនីមួយៗ ដែលនៅអមសងខាងផ្លូវ 369 ទាំងអស់។ ប្រសិនបើម្ចាស់ផ្ទះរូបណានៅតែបំពានមិនអនុវត្តតាមការណែនាំ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលដោយដកហូតសម្ភារ និងមធ្យោបាយគ្រប់ប្រភេទមករក្សាទុកនៅសាលាខណ្ឌជាបណ្តោះអាសន្ន។ ប៉ុន្តែយុទ្ធនាការថ្ងៃដំបូងនេះមិនបានអនុវត្តវិធានការក្តៅនោះទេ គ្រាន់តែចុះណែនាំនិងបាញ់គំនូសកំណត់ព្រំសម្រាប់ឲ្យម្ចាស់លំនៅដ្ឋានប្រើប្រាស់ចិញ្ចើមផ្លូវប៉ុណ្ណោះ ថ្ងៃក្រោយបើពិនិត្យឃើញថា ម្ចាស់ផ្ទះនៅតែបំពានគណៈបញ្ជាការឯកភាពនិងចាត់វិធានរឹបអូសយកសម្ភារៈមករក្សាទុកនៅសាលាខណ្ឌ ។
លោកអភិបាលរងបានបន្តថា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ល្អសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៣៦៩ គណៈបញ្ជាការឯកភាពបានដាក់ចេញនូវទិសដៅរួម ទី១-ហាមចតយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តបែបអាណាធិបតេយ្យលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវក្នុងគោលំណងដើម្បីបំរើផលប្រយោជន៏មុខរបរអាជីវកម្មរបស់ខ្លួន តែធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ។
ទី២-ហាមសាងសង់របង សំយ៉ាបផ្ទះ រោង តូប ស្តង់ និងការដាក់លក់ទំនិញលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណះ និងទី៣-ហាមដាច់ខាតមិនឲ្យម្ចាស់សំណង់ ធ្វើការហ៊ុំព័ទ្ឋការដ្ឋានសំណង់លើចិញ្ចើមផ្លូវសាធារណះលើសពី ១ភាគ៣ នៃផ្លូវ ឬប្រើប្រាស់ផ្លូវ និងយកចិញ្ចើមផ្លូវទុកដាក់សម្ភារះសំណង់គ្រប់ប្រភេទ ។ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរស់នៅអមសង្ខាងផ្លូវលេខ៣៦៩ ផ្លូវជាតិលេខ១ និងផ្លូវមួយចំនួនទៀតនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនិងចូលរួមជាមួយអាជ្ញាធរខណ្ឌប្រកបដោយឆន្ទៈមានមនសិការពិតប្រាកដដើម្បីរួមគ្នារៀបចំសណ្តាប់ឲ្យបានប្រសើរឡើងថែមទៀត ៕ សណ្តោស