ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្តឹងអង្គការផ្តល់ប្រាក់កម្ចីមួយ ក្រោយធនាគារជាតិនៃកម្ពុជា ព្រមានចាត់វិធានការលើមីក្រូហិរញ្ញវត្ថុ ដែលយកការប្រាក់ខ្ពស់ និងគាបយកលុយពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ៥គ្រួសារ រស់នៅក្នុងរាជធានីភ្នំពេញ បានសម្រេចដាក់ពាក្យបណ្តឹង ទៅកាន់ធនាគារជាតិនៃកម្ពុជា ស្នើសុំ ឱ្យអង្គភាពជាតិមួយនេះ ដកអាជ្ញាប័ណ្ណ ពីអង្គភាពមួយដែលកំពុងជ្រកក្រោមស្លាកអង្គការ ប៉ុន្តែបានផ្តល់សេវាកម្ចីប្រាក់ដល់ពលរដ្ឋ ដោយយកអត្រាការប្រាក់ និងតម្លៃសេវាបន្ថែមខ្ពស់កប់ពពក មិនគោរពតាម ការកំណត់របស់ ធនាគារជាតិនោះទេ។

យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋបានអះអាងថា អង្គការនោះ មានឈ្មោះថា “អង្គការឥណទានប្រសិទ្ធ” ដែលមានទីតាំងផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានមនុស្សចំនួន ០៨នាក់រួមមានឈ្មោះ ជាម ច័ន្ទកេណា, ឈ្មោះ ទួន សុវណ្ណា, ឈ្មោះ ឡេង វឌ្ឍនៈ, ឈ្មោះ ទិត សម្បត្តិ, ឈ្មោះ សំ សុខន, ឈ្មោះ ទិត វណ្ណារិទ្ធ, ឈ្មោះ ស៊ុន ប៉ូលីនហាន់, និងឈ្មោះ ពេជ្រ ភក្តី ជាម្ចាស់ភាគហ៊ុន ដែលមានឥទ្ធិពល សូម្បីអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចណាក៏មិនហ៊ានប៉ះពាល់ដែរ។

នៅក្នុងពាក្យបណ្ដឹងនោះ ពលរដ្ឋរៀបរាប់ថា អង្គការឥណទានប្រសិទ្ធ នេះ បាន ដំណើរការតាំងពីឆ្នាំ២០១៥មកម្ល៉េះ និងបានផ្តល់សេវាប្រាក់កម្ចីដល់ពលរដ្ឋ ដោយបានកំណត់យកការប្រាក់ខ្ពស់ និងមានទារថ្លៃទឹក ឬសេវារដ្ឋបាល បន្ធែម៥%ក្នុងមួយខែៗ លើការប្រាក់ នៃប្រាក់កម្ចី ដែលខុសពីអ្វីដែលធនាគារជាតិបានកំណត់។

នៅពេលផ្តល់ប្រាក់កម្ចីទៅពលរដ្ឋ អង្គការមួយនេះបាន តម្រូវឱ្យពលរដ្ឋត្រូវតំកល់ អត្តសញ្ញាប័ណ្ណ សៀវភៅគ្រួសារច្បាប់ដើម ភ្ជាប់ជាមួយឯកសារទ្រព្យបញ្ចាំថែមទៀតផង។

ជាងនេះទៅទៀត នៅពេល អតិថិជន មានបញ្ហា យឺតយ៉ាវ ក្នុងការបង់ប្រាក់ អង្គការនេះ តែងតែឱ្យបុគ្គលិកចុះទៅគំរាមកំហែង កូនបំណុល ក្រុមគ្រួសារកូនបំណុល និងពេលខ្លះឪពុកម្តាយរបស់កូនបំណុល ដែលពួកគាត់បានដឹងរឿងខ្ចីប្រាក់ក៏មានដែរ។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះបាន សេចក្តីប្រកាសព័ត៌មាន មួយដោយគ្រោងនឹងចាត់វិធានការធ្ងន់ធ្ងរ ចំពោះគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលបានបង្កើនតម្លៃសេវាផ្សេងៗរបស់ខ្លួន ពី ពលរដ្ឋ ទៅខ្ចីប្រាក់ ព្រោះថា ទង្វើទាំងនេះធនាគារជាតិ បានចាត់ទុកថាជា ការមិនគោរពនូវគោលការណ៍ របស់ធនាគារជាតិ ដែលបានដាក់ចេញកន្លងមក។

ការចេញសេចក្តីប្រកាសព័ត៌មាននោះធ្វើឡើងបន្ទាប់ពី ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវពិដានការប្រាក់ ក្រោយពីកត់សម្គាល់ឃើញថា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន បានបង្កើនតម្លៃសេវាផ្សេងៗរបស់ខ្លួន ដើម្បីទារលុយពីពលរដ្ឋដែលបានទៅខ្ចីប្រាក់។

ធនាគារជាតិនៃកម្ពុជា បាននឹងកំពុង តាមដាន និងយកចិត្តទុក និងគ្រោងចាត់វិធានការធ្ងន់ធ្ងរ ចំពោះគ្រឹះស្ថានមួយចំនួននោះ បានយកប្រាក់កម្រៃពីពលរដ្ឋខ្ពស់ ហួសហេតុពេក ដែលលើសពីអ្វីដែលបានកុះណត់របស់ធនាគារជាតិ ៕ អរុណរះ


ចែករំលែក៖