ភ្នំពេញ៖ មុននេះបន្តិច នាវេលាម៉ោង២និង២៩នាទីរសៀល ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ក្រោមការសាកសួរពីតំណាងអយ្យការលោកសៀង សុខ ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មដែលលោកឡាយ វណ្ណៈ សម្លាប់ស្រីកំណាន់ចិត្តរបស់ខ្លួនដោយផ្ទាល់ដៃ រួចឲ្យកូនចៅអ្នកបម្រើរបស់ខ្លួនបម្លែងសាកសពឲ្យទៅជាអំពើអត្តឃាតចងកសម្លាប់ខ្លួន ។
លោកឡាយ វណ្ណៈ ត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថា គាត់បានប្រើនូវអំពើដ៏សាហាវយង់ឃ្នងបំផុត ក្នុងនាមជាថ្នាក់ដឹកនាំ ជាបញ្ញវន្ត ជាស្វាមី ជាឪពុក ជាកូនប្រសា ដ៏មានកិត្តិយស ថ្លៃថ្នូរ ក្នុងសង្គម ទីបំផុត ជ្រើសរើសយកអំពើបាបនរក ដាក់ក្នុងចិត្ត ហ៊ានលើកដៃសម្លាប់ស្រីកំណាន់ចិត្តរបស់ខ្លួន ដើម្បីបំបាត់ភស្តុតាង និងទុកឲ្យកូនរបស់ជនរងគ្រោះ៣នាក់រស់នៅកំព្រារងារឯកោ ។ បាបកម្មមិនត្រូវបាន រង់ចាំជាតិក្រោយទេ វាំងននខ្មៅបានបើកលាតត្រដាង ទីបំផុត ជនដៃដល់ គឺបុគ្គលឡាយ វណ្ណៈ នេះតែម្តង ដោយមិនអាចប្រកែកបាន ។ ដូច្នេះបុណ្យស័ក្តិ កិត្តិយស វីឡា ឡាន ត្រូវបានឃ្លាតឆ្ងាយពីខ្លួន ភរិយា កូនៗជាទីស្រឡាញ់ ក៏មិននឹកស្មានថា លោកឡាយ វណ្ណៈ មានអំពើឃោរឃៅបែបនេះ រហូតដល់ពួកគាត់អាចនឹងរស់នៅដោយគ្មានប្តីជាបង្គោល ឪពុកជាអ្នកគ្រងបីបាច់ថែរក្សា ខណៈលោកឡាយ វណ្ណៈ ព្យាយាមយកគុកធ្វើជាការទទួលដំណេកដ៏សុខសាន្តរបស់គាត់នោះ ។
ករណីនេះ មជ្ឈដ្ឋានមហាជនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងនោះ ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការមន្ត្រីនគរបាលយុត្តិធម៌ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក៏ដូចជាសាលាដំបូងរាជធានីភ្នំពេញបំបែកសំណុំរឿងបទឧក្រិដ្ឋទទួលបានលទ្ធផលវិជ្ជមាន និងសបញ្ជាក់ឲ្យឃើញថា ជនប្រភេទណាក៏ដោយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ស្មើៗគ្នា ៕ សុខ ខេមរា