ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាសរុបចំនួន ២,៨៦០នាក់ ក្នុងនោះក៏មាន និស្សិតទទួលអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៣០នាក់ ផងដែរ ដែលពិធីធ្វើឡើង នៅមជ្ឍមណ្ឌលកោះពេជ្រ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញជាកិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាដែលទទួលបានជោគជ័យក្នុងការសិក្សារួមមានបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះវិទ្យាស្ថានវ៉ាន់ដាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាដែលកន្លងមកបានបណ្តុះបណ្តាលនិស្សិតបានប្រមាណជាង ២ម៉ឺននាក់រួចទៅហើយ។
ការអភិវឌ្ឍរីកចម្រើននៃវិស័យអប់រំនាពេលបច្ចុប្បន្ននេះគឺដោយសារតែយើងបានខិតខំប្រឹកប្រែងទាំងអស់គ្នា ជាពិសេស ពេលដែលយើងបានរួមគ្នាថែរក្សាសន្តិភាពដែលបានធ្វើឲ្យប្រទេសកម្ពុជាមានលទ្ធភាពក្នុងការជំរុញវិស័យផ្សេងៗឲ្យរីកចម្រើនទន្ទឹមគ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមាន ប្រសាស៍បញ្ជាក់ថា សមត្ថភាពចំណេះដឹងពិតប្រាកដគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សយើងម្នាក់ៗ ក្នុងការស្វែងរកការងារល្អធ្វើ។ បើគ្រាន់តែយើងមានបរិញ្ញាបត្រ ឬ បរិញ្ញាបត្រជាន់ខ្ពស់ក៏ដោយ ប៉ុន្តែបើយើងមិនមានចំណេះដឹង និងជំនាញពិតប្រាកដនោះទេ គឺយើងមិនអាចស្វែងរកការងារល្អៗបានឡើយ ដូច្នេះទាមទាឲ្យយើងមានចំណេះដឹងនិងចំណេះធ្វើពិតប្រាកដ។
សម្តេចតេជោនាករដ្ឋមន្ត្រី បានអរគុណដល់វិទ្យាស្ថានវ៉ាន់ដាដែលបានផ្តល់អាហារូបករណ៍ដល់ សម្តេចផ្ទាល់សម្រាប់ផ្តល់ឲ្យនិស្សិតក្រីក្រមួយចំនួនមានឱកាសបន្តការសិក្សា។ នៅថ្ងៃនេះក៏មានិស្សិតទទួលអាហារូបករណ៍របស់ សម្តេចចំនួន ៣០នាក់មកទទួលសញ្ញាបត្រផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរ និងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោ បានជូនពរដល់ជ័យលាភីទាំងអស់ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដាព្រមាទាំងបានថតរូបអនុស្សាវរីយ៍ ជាមួយនិស្សិតប្រកប ដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ