ខេត្តកណ្ដាល៖ រថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿងបើកមិនប្រកាន់ស្ដាំបានបុកជាមួយរថយន្ដមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ លើផ្លូវលេខ១១០ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨២-៨៣ ស្ថិតនៅក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A- 2304 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។ ចំណែកភាគីរថយន្ដម្ខាងទៀតម៉ាក MlGHTY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D- 5724 បើកបរដោយឈ្មោះ សឿន ស៊ូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ដឹកទឹកកកលក់ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសស្រាល) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កបើកតាមបណ្ដោយផ្លូវលេខ១១០ លុះបើកមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមិនប្រកាន់ស្ដាំបានបុកជាមួយរថយន្ដមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើករថយន្ដ MlGHTY ទទួលរងរបួសស្រាល រីអ្នកបើករថយន្ដបង្កបានទុករថយន្ដចោលរួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញស្រុកបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ វាស់វែង និងកសាងឯកសារដកហូតយករថយន្ដទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ