ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីជលផលផ្គើនទៅនឹងប្រសាសន៍សម្ដេច ហ៊ុន សែន ហាមមិនឲ្យដាក់សម្រាស់កាត់ស្ទឹង បឹង ត្រពាំង និងការឆក់ត្រី

ចែករំលែក៖

ខេត្តកំពង់ធំៈ បើទោះជាសម្តេចតេជោ ហ៊ុន សែន ធ្លាប់ចេញសារាចរណ៍ណែនាំ ឲ្យមន្រ្តីរដ្ឋបាលជលផល និងមន្ទីរ ពាក់ព័ន្ឋ ចូលរួមទប់ស្កាត់ការនេសាទត្រីដោយខុសច្បាប់ ដូចជាការដាក់សម្រាស់កាត់ស្ទឹង បឹង ត្រពាំង និងដៃព្រែក រួមទាំងការនេសាទត្រីដោយប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់ ដែលបង្កឲ្យមច្ឆជាតិពុំអាចចរាចរណ៍ឡើងទៅរកកន្លែងផ្សេងៗដើម្បីរកកន្លែងពងកូនបែបធម្មជាតិក៏ដោយ ក៏គេសង្កេតឃើញថា នៅតែមានមន្ត្រីជលផលខ្លះផ្គើននឹងប្រសាសន៍សម្តេចតេជោហ៊ុន សែន ជាដដែល។

យោយតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោក យ៉ាន់ វីសាក់ នាយផ្នែករដ្ឋបាលជលផល ផាត់សណ្តាយ ជាមន្រ្តីម្នាក់ដែលអនុវត្តផ្ទុយពីអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំមានការខ្លាចក្រែងនោះឡើយ ថែមទាំងបានអនុញ្ញាតឲ្យ ក្រុមឈ្មួញដែលជាបក្ខពួកនិយម ដាក់សម្រាស់ តាមបណ្តោយស្ទឹង បឹង ព្រែក មិនតែប៉ុណ្ណោះលោកបានអនុញ្ញាតឲ្យក្រុមបក្ខពួក រុញស៊ី អូសអ៊ួនប្រឡាញឹកជារៀងរាល់យប់ នៅចំណុច ចាប់ពីឃុំផាតសណ្តាយ រហូតដល់ទួលនាងស៊ាវ ដោយមានឈ្មោះវឿន ជាអ្នករត់ការសមត្ថកិច្ច ។ ចំណចទី២ ចាប់ពីទួលនាងស៊ាវ ដល់ចំណុចចំការដំឡូង មានឈ្មោះ ម៉ៅ ជាអ្នករត់ការ ។ ចំណុចទី៣ ចាប់ពីចំការដំឡូងដល់ បឹងធំ មានមេការឈ្មោះ ធូ ជាអ្នករត់ការ ចំណុចទាំងនេះ ស្ថិតនៅ ឃុំផាតសណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពាក់ព័ន្ឋនឹងការចោទប្រកាន់ថា លោកនាយផ្នែករដ្ឋបាលជលផល ផាត់សណ្តាយដែលកំពុងតែយក ឥទ្ធិពល របស់ខ្លួនកាងទៅលើបទល្មើសនេសាទ ដែលត្រូវបានហាមឃាត់នេះ អ្នកសារព័ត៌មាន ព្យាយាមទូរស័ព្ទទៅលោក ដើម្បីសុំការបំភ្លឺ ដើម្បីទម្លាយនូវភាពអាថ៌កំបាំង ឲ្យផុតពីការចោទប្រកាន់ តែបែរជាលោក យ៉ាន់ វីសាក់ ហៅ សេដ្ឋីសែ លើកទូរស័ព្ទហើយនិយាយថា ខល នោះខល ហើយក៏បិទទូរស័ព្ទ ទើបពុំបានសុំការបំភ្លឺបាន នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៨ ។

ប្រជាពលរដ្ឋជាច្រើន បានសំណូមពរឲ្យ ថ្នាក់ដឹកនាំជួយពិនិត្យលើ សកម្មភាពរបស់លោកនាយផ្នែករូបនេះ ដែលមានការសង្ស័យប្រព្រឹត្តអំពើពុករលួយ ក្នុងការចូលរួមជាមួយជនខិលខូច បំផ្លាញមច្ឆជាតិ ដោយពុំគិតពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទៅនោះឡើយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖