ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរឆក់២នាក់ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃ ចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩និង២០នាទីយប់ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុច មុខវិទ្យាល័យជាស៊ីម សន្ធរម៉ុក ផ្លូវលេខ១២៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្ក្រាបជាក់ស្ដែងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ) ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ៤៧៤ ផ្លូវលេខ២៤៥ ក្រុម ទី០៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ១-ឈ្មោះ ឯក សុវណ្ណដន ហៅ ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ឌុល សុខាលីដេន ហៅដេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ នៅ សុផាននី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែនៅផ្សារដើមគរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ -ម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0293 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8011237 , ទូរស័ព្ទមួយគ្រឿងម៉ាក I phone 6S plus ពណ៌ខ្មៅ (ចាប់យកពីឈ្មោះ ឯក សុវណ្ណដន ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ) ។ ទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 7 Plus ពណ៌ខ្មៅ បែកអេក្រង់ ( ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ចាប់យកពីឈ្មោះ ឌុល សុខាលីដេន ) សមត្ថកិច្ចយើងបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ នៅ សុផាននី បានជិះម៉ូតូចេញពីផ្ទះម្ដុំស្ទឹងមានជ័យ ក្នុងគោលបំណងទៅឌុបបងប្រុសកន្លែងធ្វើការ នៅខាងក្រោយសាលាវិទ្យាល័យជាស៊ីម សន្ធរម៉ុក ផ្លូវ លេខ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លុះពេលជនរងគ្រោះបានជួបបងប្រុសហើយជនរងគ្រោះក៏ឌុបបងប្រុសចេញពីធ្វើការក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ លុះពេលជិះមកដល់ចំណុចមុខផ្ទះលេខ៤៧៤ ផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះក៏ឈប់ម៉ូតូរួចយកទូរស័ព្ទដៃមកនិយាយទៅកាន់បងស្រីរបស់ខ្លួន កំពុងតែនិយាយ ស្រាប់តែមាជនសង្ស័យ០២នាក់ឈ្មោះ ឯក សុវណ្ណដន ហៅ ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ឌុល សុខាលីដេន ហៅដេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0293 មកអែបជិតជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ឌុល សុខាលីដេន ជាអ្នកជិះខាងក្រោយបានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះបត់ក្រោយគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយហើយស្រែកថាចោរៗ ស្របពេលនោះកំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះនៅក្បែរនោះក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរ និងចាប់យកវត្ថុតាង ទូរស័ព្ទដៃរបស់ជនរងគ្រោះពីជនសង្ស័យរួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ សុខា សែនជ័យ


ចែករំលែក៖