ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែស្រ្ដីម្នាក់ លក់គ្រឿងជួសជុសរថយន្តត្រូវភ្លើងឆេះផ្ទះស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តព្រៃវែង៖ ស្រ្ដីម្នាក់ជាថៅកែ លក់គ្រឿងជួសជុសរថយន្ត ត្រូវបានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើង ខណៈដែលអគ្គិភ័យមួយគួរឲ្យរន្ធត់ បានឆេះផ្ទះល្វែង១ខ្នង កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជុសជួលរថយន្ត ភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខែត្តព្រៃវែង ។

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចខេត្តព្រៃវែង បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះ មានម្ចាស់ឈ្មោះ អន គ្រីម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ ជាងជួសជុសរថយន្ត មានទីលំនៅភូមិលេខ៤ សង្កាត់កំពង់លាវក្រុងព្រៃវែង ។ ចំណែកស្រ្តីរងគ្រោះ ជាប្រពន្ធ ឈ្មោះ ញឹម ទៀង អាយុ៤៧ឆ្នាំ (ស្លាប់) និងសម្ភារៈនៅក្នុងផ្ទះស្ទើទាំងស្រុង ។

ប្រភពដដែរបានបន្តទៀតថា មុនពេលកើតហេតុ ប្ដីនិងកូនប្រុស២នាក់ នាំគ្នាទៅសែនថ្នូរជីដូនជីតា ដោយទុកប្រពន្ធឲ្យនៅចាំផ្ទះតែម្នាក់ឯង ។ លុះពេលកើតហេតុកម្លាំងនគរបាលក្រុង និងកម្លាំងស្នងការ បានសហការណ៏ជួយសង្រ្គោះភ្លាមៗ ប៉ុន្តែដោយសារតែផ្ទះកើតហេតុជាប់សោ ២ជាន់ ទី១សោកន្លែងជួសជុលរថយន្ត និងសោទី២ ជាកន្លែងចូលបន្ទប់ដេកទើបពិបាកក្នុងការបាញ់ជួយសង្គ្រោះជីវិតជនរងគ្រោះ ។ ហើយក្នុងការជួយធ្វើអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ចំនួន៤គ្រឿង ប្រើទឹកអស់៨គ្រឿង មិនបណ្ដាលឲ្យឆេះឆ្លងផ្ទះប្រជាពលរដ្ឋដទៃឡើយ ។

ក្រោយកើតហេតុកម្លាំងជំនាញកំពុងរកមូលហេតុនៃការឆេះខាងលើ ដោយសហការគ្នារវាងកម្លាំងនគរបាលជំនាញរបស់ស្នងការដ្ឋានខេត្តព្រៃវែង ។ ចំណែកសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖