ព័ត៌មានទាន់ហេតុការណ៍៖

ទាល់តែលោកអធិការបញ្ជា​​ទើបលោកមេប៉ុស្ដិ៍ចុះឃាត់ខ្លួនបុរសម្នាក់ជាមេការនៅរោងចក្រទឹកកក ដែលវាយស្ដ្រីម្នាក់ជាកម្មកររបស់ខ្លួន៣ដៃបែកចិញ្ចើម

ចែករំលែក៖

ភ្នំពេញ៖ ស្ដ្រីម្នាក់ជាកម្មកររោងចក្រទឹកកក ត្រូវបានមេការមើលការខុសត្រូវក្នុងរោងចក្រផលិតទឹកកក វាយចំនួន៣ដៃ បណ្ដាលឲ្យបែកចិញ្ចើមហូរឈាមស្រោចពេញខ្លួន និងបានរត់មកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ដង្កោឲ្យជួយអន្ដរាគមន៍ កាលពីវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចរោងចក្រផលិតទឹកកកភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្ដិ៍ដង្កោ ហាក់ធ្វើព្រងើយ រហូតទាល់តែលោកអធិការនគរបាលខណ្ឌបញ្ជាផ្ទាល់ ។

ស្ដ្រីរងគ្រោះមានឈ្មោះ ទេព រ៉ន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ បុង សៅ អាយុ៣០ឆ្នាំ មានមុខរបរជាមេការនៅរោងចក្រផលិតទឹកកក មានស្រុកកំណើតនៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសម្ដីស្ដ្រីរងគ្រោះខាងលើបាននិយាយប្រាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ គាត់បានទៅធ្វើការដូចសព្វដង ហើយនៅកន្លែងរបស់គាត់មានគ្នាចំនួន៣នាក់ ហើយពេលដែលចូល មេការរូបនោះបានប្រើឲ្យគាត់ជាន់ធុងទឹកកកម្នាក់ឯង ចំណែក២នាក់ទៀត ត្រូវមេការប្រើឲ្យជាន់ធុងជាមួយគ្នា ពេលនោះគាត់បានជាន់ធុងទឹកកកហើយៗ ចំណែក២នាក់នោះជាន់មិនទាន់ហើយទេ ពេលនោះដែរ មេការរបស់គាត់បានប្រើឲ្យទៅជួយជាន់២នាក់នោះទៀត តែគាត់ប្រកែកមិនព្រមទៅជួយ ក៏ត្រូវមេការមកវាយចំនួន៣ដៃ បណ្ដាលឲ្យបែកចិញ្ចើមហូរឈាមពេញខ្លួន ទើបគាត់រត់មកប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោតែម្ដង តែពេលមកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ ត្រូវបាននគរ​បាលប៉ុស្តិ៍បដិសេធ​ ពន្យារពេលទទួលពាក្យបណ្តឹង​​ ដោយប្រើសម្តីថា(អង្គុយចាំសិនទៅ ព្រោះនគរបាលកំពុងរវល់ការពារក្បួនសម្តេច​ស​ ខេង​អស់ហើយ)​ ។

ចំពោះពាក្យសម្តីរបស់នគរបាលប៉ុស្តិ៍ដង្កោ​ នាពេលនោះធ្វើឲ្យស្ត្រីរងគ្រោះបាក់ទឹកចិត្តយ៉ាងខ្លាំង​ ដោយសារគាត់គិតថា​ គេវៃគាត់បែកក្បាល​ គាត់ខំត្រដររត់មករកសមត្ថកិច្ចជួយ​អន្តរាគមន៍ចាប់ជនបង្ក​ តែបែរជាគ្មានអ្នកជួយទៅវិញ​ ។

ពាក់ព័ន្ធការណីខាងលើនោះ ត្រឹមតែរយះពេលប្រហែល១ម៉ោងក្រោយ ក៏មានការដឹងលឺដល់លោក ជឹម សុីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលរូបលោកទទួលមើលការខុសត្រូវមូលដ្ឋានខណ្ឌដង្កោ បានឲ្យសមត្ថកិច្ចទទួលពាក្យបណ្ដឹងពីស្រ្តីរងគ្រោះខាងលើ ហើយបានបញ្ជាឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ចុះទៅឃាត់ខ្លួនជនបង្កយកមកសួរនាំនៅប៉ុស្តិ៍ដង្កោថែមទៀតផង ។

ក្រោយពីមានការសាកសួររបស់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ដង្កោរួចហើយ ជនបង្កបានឆ្លើយប្រាប់ថា រូបគេពិតជាបានវាយទៅលើស្រ្តីរងគ្រោះមែន ព្រោះតែរូបគេខឹងស្រ្តីរងគ្រោះជេរ និងយកការទឹកគប់មកលើរូបគេ ក៏វាយស្រ្តីនេះតែម្ដង ។

បច្ចុប្បន្នជនបង្កខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖