ខេត្តកណ្ដាល៖ អង្គរក្សម្នាក់ដែលបាញ់១៥គ្រាប់បណ្តាលឱ្យបុរសម្នាក់ ត្រូវជាមិត្តភក្តិស្លាប់ ព្រោះទំនាស់រឿងផឹកស៊ី ហើយគេចខ្លួនជិត៣ឆ្នាំ ត្រូវបាននគរបាលស្រុកអង្គស្នូល ចាប់ខ្លួនកាលពីយប់ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅខេត្តតាកែវ ។
មន្ត្រីតុលាការបានប្រាប់ឲ្យដឹងថា៖ នៅថ្ងៃទី០៣ ខែមេសា ថា ជនជាប់ចោទឈ្មោះ ទឹម សារី អាយុ៣៥ឆ្នាំ មុខរបរជានគរបាលអង្គរក្ស ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ផូង វណ្ណ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្ដាល កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នូល ខេត្តកណ្ដាល កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ បច្ចុប្បន្នជនជាប់ចោទត្រូវបានបញ្ជូនខ្លួនទៅឃុំក្នុងពន្ធនាគារបណ្តោះអាសន្ន ។
លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ធ្លាប់ថ្លែងថា ជនល្មើសឈ្មោះ ទឹម សារី ។ ចំណែកជនរងគ្រោះឈ្មោះ ស្រី ចាន់វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ។ លោកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនល្មើសបានអង្គុយផឹកស្រានៅក្នុងពិធីខួបកំណើតចៅរបស់ជនរងគ្រោះ ដោយមានភ្ញៀវជាបងប្អូនកូនក្មួយសាច់ញាតិជិតខាងក្នុងភូមិ ចូលរួមប្រហែល៣០នាក់ ហើយកម្មវិធីនេះចាប់ផ្តើមនៅម៉ោង៥ល្ងាច។
អធិការដដែលបញ្ជាក់ថា ពេលកំពុងហូបចុកក៏ទាស់ពាក្យសម្តីគ្នា រហូតជនល្មើសបានទាញកាំភ្លើងមកបាញ់ទៅលើជនរងគ្រោះរហូតអស់មួយបង់ ហើយមានស្នាមធ្លុះចំនួន១៥កន្លែង ចំដើមទ្រូងចំនួន១កន្លែង ចំក្រោមក្លៀកខាងធ្វេងចំនួន២កន្លែង ចំពោះចំនួន៤កន្លែង ចំក្រោមដោះខាងស្តាំចំនួន៣កន្លែង ចំជង្គង់ស្តាំចំនួន៣កន្លែង និងចំជង្គង់ធ្វេងចំនួន២កន្លែង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ក្រោយហេតុការណ៍នេះ ជនល្មើសបានជិះម៉ូតូ ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ មិនចាំស្លាកលេខ រត់គេចខ្លួន៕ ឆ ដា