ព័ត៌មានទាន់ហេតុការណ៍៖

នេសាទបានត្រីក្រពតយកទៅធ្វើម្ហូប ពុលស្លាប់ម្នាក់ មានអាការៈធ្ងន់ពីរនាក់

ចែករំលែក៖

ខេត្តសៀមរាប: បុរសម្នាក់បានបាត់បង់ជីវិត និងពីរនាក់ទៀតមានអាការៈធ្ងន់ធ្ងរ បន្ទាប់ពី នាំគ្នានេសាទបានត្រីក្រពតនៅបឹងបារាយណ៍រួចយកទៅធ្វើម្ហូបហូបជុំគ្នាបណ្តាលឲ្យពុលក្អួត ចង្អោរ គ្រប់ៗគ្នា ។

ករណីនេះកើតឡើងនៅព្រឹក ថ្ងៃ អង្គារ ៣ កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិគោកត្នោត សង្កាត់់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតដោយហូបត្រីក្រពត ឈ្មោះ សៅ គឹមលី អាយុ៤៣ឆ្នាំ មានឋាន្តរស័ក្តិអនុសេនីយ៍ឯក ទាហានវរ:១៥ ការពារអាកាស (ទទួលបន្ទុក ភស្តុភាវរ: ) បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីពុលត្រីកំពត។ ចំណែក បុរសពីរនាក់ទៀត ឈ្មោះគី ង៉ា ភេទប្រុស និងទី២ឈ្មោះ សាញ់ សុង ភេទប្រុស ចូលរួមហូបត្រីក្រពតដែរនោះ មានអាការ:ពុល ក្អួត ចង្អោរ ធីងធោង បានបញ្ជូនទៅពេទ្យដែរ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នេះ ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ពិតជាស្លាប់ដោយពុលត្រីក្រពតប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖