ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីថៃរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចជុំកំពូលគណៈកម្មការមេគង្គលើកទី៣ (ចង្អៀត) ដែលធ្វើឡើងនៅសណ្ឋាគារសុខា សៀមរាប។
នៅក្នុងកិច្ចប្រជុំចង្អៀតនេះ គឺមានការចូលរួមពី លោក Thongloun Sisoulith នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ នៅក្នុងកិច្ចប្រជុំនេះកិច្ចប្រជុំចង្អៀតនេះ ក៏មានតំណាងជាន់ខ្ពស់នៃប្រទេសដៃគូសន្ទនានៃគណៈកម្មការទន្លេមេគង្គផងដែរ ដូចជា ប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតរបស់គណៈកម្មការទន្លេមេគង្គ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកប្រទេសនៃគណៈកម្មការទន្លេមេគង្គទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលថ្ងៃនេះនៅលើទឹកដីសៀមរាបអង្គរនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំកំពូលនេះបានផ្តល់ឱកាសដល់មេដឹកនាំនៃប្រទេសទាំងបួនរួមមានកម្ពុជា, ថៃ, ឡាវ, និងវៀតណាម ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងជាមិត្តភាពយូរអង្វែង។ កិច្ចប្រជុំនេះ បានពិភាក្សាទៅលើប្រធានបទពីរសំខាន់គឺ ១) ការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥, និង ២)តួនាទីរបស់គណៈកម្មការទន្លេមេគង្គនៅក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំចង្អៀតនេះ ក៏បានផ្តោតទៅលើការពិនិត្យឡើងវិញនូវវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបានក្នុងការជំរុញកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងពិភាក្សាលើបញ្ហាប្រឈមនានាក្នុងអាងទន្លេមេគង្គ ព្រមទាំងដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តដើម្បីជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពក្នុងអាងទន្លេមេគង្គ។
បន្ទាប់ពីកិច្ចប្រជុំចង្អៀតរួចហើយ ប្រមុខដឹកនាំនៃប្រទេសទាំង៤ បាននឹងកំពុងចូលរួមប្រជុំកំពូលពេញអង្គ នៃគណៈកម្មការទន្លេមេគង្គលើកទី ៣ ជាបន្តទៀត នៅសណ្ឋាគារសុខសៀមរាប។ នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនៅព្រឹកថ្ងៃនេះ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ