ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ទើបរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចបាញ់ទឹកពន្លត់ទាន់ពេល ទើបភ្លើងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។
មន្ត្រីនគរបាលការិយាល័យពន្លត់អគ្គិភ័យបានប្រាប់ថា កាលពីវេលាម៉ោង៣ និង៥០នាទីទៀបភ្លឺ នាថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន មានករណីទុសេខ្សែភ្លើងនៅបន្ទប់រោងដាំបាយ ខាងក្រោយផ្ទះ(ទំហំ ៧ម៉ែត្រគុណ៨ម៉ែត្រ) ធ្វើអំពីបេតុងប្រក់ស៊ើប្រូ ។
ប្រភពបន្តថា ម្ចាស់ផ្ទះខាងលើឈ្មោះ គឺម ជឿន ភេទប្រុស អាយុ៨៣ឆ្នាំ ប្រពន្ធឈ្មោះ សុិន សាអ៊ុត អាយុ ៦៩ឆ្នាំ មុខរបរ កសិករ។
ក្នុងហេតុការណ៍នេះដែរ បណ្ដាលឲ្យខូចខាតសម្ភាររួមមាន៖ គ្រែពូកមួយ ទូតូច ដាក់ខោអាវមួយ កៅអីឈើចំនួន ៤ និងតុតូចចំនួន ៣ ។
មន្ត្រីដដែលបន្តថា អ្វីដែលជាការត្រេតអររបស់ពួកគាត់គឺកម្លាំងសមត្ថកិច្ចបានជួយការពារទ្រព្យសម្បត្តិរបស់គាត់បានទាន់ពេលវេលា និងធានាមិនឲ្យព្រះអគ្គិលេបត្របាក់ផ្ទះធំរបស់គាត់បានជាងនេះទៅទៀត ក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះ ទទួលជោគជ័យខាងលើ គឺដោយសារបានកិច្ចការសហការល្អ ក្នុងការផ្ដល់ព័ត៌មាន និងរាយការណ៍ ពីសំណាក់ប្រជាពលរដ្ឋ មកសមត្ថកិច្ចបានទាន់ពេលវេលាក្នុងនោះផងដែរ កម្លាំងនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទឹកអស់ចំនួន ២ឡាន ហើយឈានទៅគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕ សេនាស័ក្តិ