ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ខណៈដែលពួកគាត់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តតាកូម៉ា បើកបុកយ៉ាងពេញទំហឹង និងអូសម៉ូតូក្រោមកង់រថយន្តជាច្រើនម៉ែត្រ ទើបឈប់រួចចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវខាងក្រោយផ្សារទំនើប AEON ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-0434 ឌុបគ្នា ធ្វើដំណើរចេញពីកោះពេជ មកតាមផ្លូវក្រោយផ្សារ AEON ហើយត្រូវបានរថយន្តស៊េរីទំនើបម៉ាក តាកូម៉ា ពណ៌កណ្ដុលប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AK-9855 ធ្វើដំណើរទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនយ៉ាងលឿង ហើយក៏បុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ភាគីខាងម៉ូតូជាអ្នកឌុប រងរបួសយ៉ាងធ្ងន់ធ្ងរ និងយុវជនម្នាក់ទៀតរងរបួសស្រាល ហើយភ្លាមៗក៏ត្រូវមិត្តភក្ដិដឹកតមរឺម៉កម៉ូតូកង់បីយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ។
ក្នុងអំឡុងពេលដែរ ហេតុការណ៍នោះកើតឡើងភ្លាមៗផងនោះ រថយន្តបង្កមិនព្រមឈប់នោះទេ ដោយបានព្យាយាមបើករត់ទាំងម៉ូតូជនរងគ្រោះនៅពីក្រោមរថយន្ដអូសជាច្រើនម៉ែត្រ រហូតទៅដល់ក្រសួងបរិស្ថានថ្មីទើបឈប់ ហើយម្ចាស់រថយន្តបង្កបើកទ្វាររថយន្ដចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដោយឃើញភាគីទាំងពីរមិននៅកន្លែងកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅស្នងការដ្ឋាន នៃការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំឲ្យភាគីទាំងពីរចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ សុខាសែនជ័យ