ខេត្តសៀមរាប៖ រសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយលោក Sommad PHOLSENA រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គឡាវ ។
កិច្ចប្រជុំបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ លើវិស័យទឹក និងឧតុនិយម ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ។ លោករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញលោករដ្ឋមន្ត្រី លឹម គានហោ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវផងដែរ ។
ជាការឆ្លើយតបនឹងការអញ្ជើញនេះ លោករដ្ឋមន្ត្រី លឹម គានហោ បានជម្រាបជូនភាគីមិត្តឡាវថា លោកនឹងពិនិត្យលទ្ធភាពសមស្របណាមួយ ដើម្បីដឹកនាំគណ:ប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ៕