ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច និងគ្រូពេទ្យបង្ហាញភាពគ្មានទោសដល់បុរសម្នាក់ ដែលគេសង្ស័យថាបានសម្លាប់ប្រពន្ធខ្លួនឯង នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ច និងគ្រូពេទ្យបង្ហាញភាពគ្មានទោសដល់បុរសម្នាក់ ដែលគេសង្ស័យថាបានសម្លាប់ប្រពន្ធខ្លួនឯង នៅខេត្តបន្ទាយមានជ័យ ។ ករណីស្រ្តីម្នាក់ ដែលស្លាប់ក្នុងផ្ទះខ្ទម នៅក្រុងប៉ោយប៉ែតមិនមែនជារឿងអំពើឃាតកម្មប្តី សម្លាប់ប្រពន្ធនោះឡើយ ករណីនេះនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានអះអាងថាស្រ្តីនោះស្លាប់ដោយជំងឺប្រចាំកាយផឹកស្រាស្រវឹងដេកស្លាប់តែម្តង ។ ការចុះផ្សាយព័ត៌មានជំហ៊ានដំបូងនិយាយថា ករណីនោះជាអំពើឃាតកម្មប្តីសម្លាប់ប្រពន្ធ ជាព័ត៌មានយល់ច្រឡំ ដោយដកការស្រង់ប្រភពពីសមត្ថកិច្ចនិយាយគ្មានមូលដ្ឋានច្បាស់លាស់មិនទាន់មានការត្រួតពិនិត្យ ធ្វើកោសល្យវិច័្ចយសពត្រឹមត្រូវនោះទេ បែរជាសន្និដ្ឋានថាជាករណីឃាតកម្មទៅវិញ ។ បុរសជាប្តីកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សមត្ថកិច្ចកំពុងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តដើម្បីដោះលែងត្រឡប់ទៅផ្ទះវិញ ។

​លោកវរសេនីយ៍ទោ សួន សុត្ថារ័ត្ន នាយការិយាល័យនគរបាលបច្ចេកទេសប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះខ្ទមមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីស្រ្តី ម្នាក់ស្លាប់ ហើយគេឃើញប្តីដេកយំអោបសពធុំក្លិនស្អុយរលួយទៅហើយ ។

​លោកនាយការិយាល័យបានប្រាប់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុនោះហើយ ស្រាប់តែលិចឮតាមបណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយចំនួនចុះផ្សាយ ថាករណីនោះជាអំពើឃាតកម្មប្តីសម្លាប់ប្រពន្ធ ។ បន្ទាប់មកនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានចាត់ឲ្យកម្លាំងនគរបាលការិយាល័យជំនាញផ្នែកបច្ចេកទេសចុះទៅត្រួតពិនិត្យ និងមានការចូលរួមពីគ្រូពេទ្យធ្វើកោសល្យវិច្ច័យសពជាក់ស្តែង រកឃើញថាសពស្រ្តីរងគ្រោះគ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធ និងអំពើឃាតកម្មនោះឡើយ សពមានស្នាមជាំខ្មៅរោលពេញខ្លួន ដោយសារអាកាសធាតុក្តៅ ឈាមខ្ពុលចេញតាមមាត់សពស្រ្តីរូបនោះអាចមានជំងឺក្រពះធ្ងន់ធ្ងរ ។

សមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេតសាកសួរពីប្រជាពលរដ្ឋអ្នកជិតខាង៨នាក់ និងប្តីស្រ្តីនោះផងដែរ ឲ្យដឹងថា រវាងប្តីប្រពន្ធ២នាក់ស្រលាញ់គ្នា និងមិន ដែលឈ្លោះប្រកែកគ្នាឡើយ ប្តីតែងតែទិញស្រាឲ្យប្រពន្ធផឹក ។ ប្រពន្ធមានឈ្មោះ ខាន វណ្ណា អាយុ២៨ឆ្នាំជាមនុស្សស្រវឹងខួបផឹកស្រាស្រវឹងជាប្រចាំ​ស្រ្តី និងមានជំងឺប្រចាំកាយ ធ្លាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យជាញឹកញាប់ គ្រូពេទ្យធ្លាប់ហាមឈប់ផឹកផងដែរ នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញស្រាថ្នាំ១ដបទឹកសុទ្ធនោះផងទៀត ។

​លោកបញ្ជាក់ឲ្យដឹងទៀតថា ប្តីមានឈ្មោះ លី ហម អាយុ៣១ឆ្នាំ ប្រកបមុខរបរ ស៊ីឈ្នួល ហៅម៉ូយដាក់រថយន្តតាក់ស៊ី ប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុរូបគេ និងប្រពន្ធ បានផឹកស្រាស្រវឹង ដោយឃើញប្រពន្ធស្រវឹងខ្លាំងរូបគេក៏បានត្រកងប្រពន្ធដាក់ដេកក្នុងផ្ទះ ហើយខ្លួនគេក៏ដេកជាមួយប្រពន្ធនោះផងដែរ ។ លុះបន្ទាប់មកភ្ញាក់ឡើងស្រាប់តែឃើញប្រពន្ធដេកស្លាប់ពីពេលណានោះទេ ៕ សំ វិច្ឆិកា


ចែករំលែក៖