ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ឆក់របស់គេបានវាគ្រាន់ ពេលគេទាន់ចាប់បាន វាក្រែលអ៊ីចឹង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ឋនំគ្នាជួយដេញចាប់ខ្លួន យកមកប្រគល់ឲ្យសមត្ថកិច្ចក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ ដែលកំពុងជិះលើម៉ូតូកង់បីខណៈកំពុងកាន់ទូរស័ព្ទនិយាយ ។

ករណីនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជិតស្ពានអាកាស៧មករា ផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ មួន បញ្ញាសាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតស្រុកឧដុង ខេត្តកំពុងស្ពឺ ។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ស្រ្តីរងគ្រោះមានឈ្មោះ ទូច សុម៉ាលី អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។

ប្រភពពីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូកងបីជាប្រភេទឡាំប៉ាតា រួមដំណើរជាមួយបងស្រីមកពីផ្សារអូឫស្សី ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ គាត់ក៏យកទូរស័ព្ទ១គ្រឿង ម៉ាកអាយហ្វនសុិចភ្លើស កាន់នៅដៃ បំណងតេទៅអ្នកផ្ទះ មិនទាន់ និងបានតេផង ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ ១២៥ សេរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ 1CE3779 ជិះឌុបគ្នាមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីគាត់ តែមិនបានសម្រេច ធ្វើឲ្យម៉ូតូជនសង្ស័យដួល ហើយអ្នករត់ម៉ូតូកង់បីស្រែកថា ចោរៗ ទើបប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយចាប់់បានម្នាក់ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីរងគ្រោះពិតប្រាកដមែន តែមិនបានសម្រេច ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់បន្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖