ព័ត៌មានទាន់ហេតុការណ៍៖

ប្តី​ដែល​វៃ​ប្រពន្ធ​ខៀវ​ភ្នែក​ផ្អើល​ពេញ​ហ្វេសប៊ុក​ ត្រូវ​ចៅក្រម​ស៊ើបសួរ​ សម្រេច​មិន​ឃុំ​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖​ ប្តី​ដែល​វៃ​ប្រពន្ធ​ខៀវ​ភ្នែក​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ត្រូវ​បាន​លោក​ អ៊ី​ ថាវរៈ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​០៥​ ខែ​មេសា​ ឆ្នាំ​២០១៨​ សម្រេច​មិន​ឃុំ​ខ្លួន​ តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ ការ​សម្រេច​មិន​ឃុំ​ខ្លួន​នេះ​ គឺ​ដោយសារ​ប្រពន្ធ​បាន​ដក​ពាក្យ​បណ្ដឹង​ និង​ យោង​លើ​ស្ថានភាព​គ្រួសារ​ ។

​បុរស​រូបនេះ​ឈ្មោះ សរ ច​ន្នី​រិ​ទ្ធ​ អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ទីលំនៅ​ផ្ទះ​លេខ​៦៣​បេ ផ្លូវ​៥៣​បេ​តេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​ ត្រូវ​បាន​ លោក ងិន ពេជ្រ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចោទប្រកាន់ ពីបទ​អំពើហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ​អ​នីតិ​សង្វាស​ជន កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ តាម​មាត្រា​២២២នៃ​ក្រមព្រហ្មទណ្ឌ​។​

លោក ម៉េង វិមាន​តារា អធិការរង​នគរបាល​ខណ្ឌមានជ័យ បាន​ឱ្យ​​ដឹងថា ជនសង្ស័យ​ជា​ប្តី ត្រូវបាន​​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ឃាត់ខ្លួនកាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨​ តាម​បញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន ពីបទ​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ទំនាស់​ប្តី​វាយ​ប្រពន្ធ​បណ្តាល​ឱ្យ​​របួស​ហើម​ជាំភ្នែក​ កាលពី​ថ្ងៃទី​២៥ ខែមីនា នៅ​ចំណុច​ក្នុងផ្ទះ​លេខ​៦៣​បេ ផ្លូវ ៥៣​បេ​តេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ​។​​

ជន​​គ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ឆេង សុខ​រ៉ា អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦៣​បេ ផ្លូវ​៥៣​បេ​តេ ភូមិ ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ មាន​របួស​ហើម​ជាំភ្នែក​ខាងឆ្វេង​ ៕ ចេស្តា


ចែករំលែក៖